(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច Zlatan Ibrahimovic របស់ក្លឹប Paris Saint Germain កំពុងស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញពីទឹកដីប្រទេសបារាំង ទៅកាន់អង់គ្លេសវិញក្នុងក្លឹប Manchester United ក្រោយពេលកិច្ច សន្យាកីឡាករស៊ុយអែតខាងលើ នឹងផុតកំណត់នៅខែមិថុនាបំណាច់រដូវកាលនេះ ។
សារព័ត៌មាន BBC បានផ្សាយថា កីឡាករប្រធានក្រុមជម្រើសជាតិស៊ុយអែត វ័យ៣៤ឆ្នាំខាងលើនេះ កំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង Man Utd ក្រៅពីនេះ ក៏មានក្លឹបលេងនៅក្របខណ្ឌ Major League Soccer របស់អាមេរិកផងដែរ តែអាចនឹងមកបិសាចក្រហមច្រើនជាង ។
អតីតកីឡាករក្លឹប AC Milan របស់អ៊ីតាលីបានឲ្យដឹងថា “នៅពេលនេះ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងមិនបន្តលេងនៅក្នុងក្លឹប PSG នារដូវកាលក្រោយទៀតទេ ដោយកិច្ចសន្យាចាស់នៅទីនេះនៅសល់តែ១ខែកន្លះទៀតប៉ុណ្ណោះ ។ ប្រសិនបើគេ ធ្វើរូបសំណាកខ្ញុំ ជំនួស Eiffel Tower ខ្ញុំនឹងនៅទីនេះបន្តទៀត តែមិនអាចទេ” ។
ទន្ទឹមនឹងនោះដែរ ប្រធានក្លឹបជើងឯកបារាំងលោក Nasser Al-Khelaifi បានបញ្ជាក់ដែរថា “យើងចង់បាន Zlatan បន្តលេងនៅទីនេះទៀត គាត់ជាកីឡាករដ៏អស្ចារ្យ ហើយយើងក៏មានគម្រោងពិភាក្សាជាមួយគាត់ដែរ ថាគាត់ចង់បានអ្វីពិត ប្រាកដ ដើ់ម្បីជំរុញឲ្យគាត់ព្រមនៅលេងនេះទៀត” ។
Zlatan ដែលស៊ុតបញ្ចូលទីបាន៤គ្រាប់ និងរកបានគ្រាប់ហ៊ែកទ្រីក កាលពីសប្តាហ៍មុនបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបបាន២៧គ្រាប់ ពីការចូលលេងបាន២៤ប្រកួតនារដូវកាលនេះ ជាមួយនឹងជួយក្រុមការពារតំណែងជើងឯក PSG រកបាន១០២ពិន្ទុនាំមុខដាច់កំពូលតារាងតែម្តង ក្រៅពីបានជួយ Paris ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League ក្រោយទម្លាក់ Chelsea ៤-២ ទាំងពីរជើងរួចមក ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី