(វ៉ាស៊ីនតោន)៖ ប្រជាជន០៥លាននាក់នៅទូទាំងពិភពលោក បានចុះហត្ថលេខាលើលិខិតបើកចំហមួយ តាមរយៈបណ្ដាញអ៊ីនធើណែត ដើម្បីជំទាស់ក៏ដូចជាអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លុបចោលគោលនយោបាយដ៏ចម្រូងចម្រាស់ស្ដីពីជនភៀសខ្លួន និងការហាមឃាត់ជាបណ្ដោះអាសន្ន ប្រជាជនមកពីបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមគេហទំព័រ Avaaz campaigning community លិខិតខាងលើមានខ្លឹមសារថា «ពិភពលោកបដិសេធការភ័យខ្លាច ការស្អប់ខ្ពើម និងការរើសអើងរបស់ អ្នក(លោក ត្រាំ)។ យើងបដិសេធការគាំទ្ររបស់អ្នក លើការធ្វើទារុណកម្ម និងការលើកទឹកចិត្តឱ្យប្រព្រឹត្តអំពើហិង្សា ហើយយើងក៏បដិសេធផងដែរ ការប្រមាថរបស់អ្នកចំពោះស្ត្រី ជនមូស្លីម (អ្នកកាន់សាសនាអ៊ីស្លាម) ប្រជាជនមិចស៊ីកូ ព្រមទាំងប្រជាជនរាប់លាននាក់ផ្សេងទៀត ដែលមើលទៅមិនដូចជាអ្នក, មិននិយាយដូចអ្នក, និងជឿលើព្រះតែមួយដូចអ្នក»។
គួររំលឹកថាលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចុះហត្ថាលេខាលើក្រឹត្យ ស្ដីពីជនភៀសខ្លួន ដោយសម្រេចហាមឃាត់ជាបណ្ដោះអាសន្នប្រជាជនមកពី បណ្ដាប្រទេសចំនួន០៧ ដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ចូលក្នុងសហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់រយៈពេល១២០ថ្ងៃ និងសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី