CamNews

ព័ត៌មានជាតិ 

ឆ្នាំ២០១៦នេះ ឧកញ៉ា ម៉ុង ឫទ្ធី ប្រមូលស្វាយយកទៅលក់នៅអឺរ៉ុប បានជិត ៦០តោន! តម្រូវការនៅតែមាន តែកម្ពុជាអស់

(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី បាននាំចេញផ្លែស្វាយជិត ៦០តោនទៅលក់នៅតំបន់អឺរ៉ុប តែគួរឲ្យស្តាយកម្ពុជា អស់ផ្លែស្វាយសម្រាប់នាំចេញ ហើយជើងចុងក្រោយបំផុត​ត្រូវបាននាំចេញ​នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មានចំនួនជាង ៤ពាន់គីឡូក្រាម។

ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាឧកញ៉ាទទួលជោគជ័យលើរបរកសិកម្មនេះ បានថ្លែងប្រាប់ Fresh News នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនរបស់លោក បាននាំចេញផ្លែស្វាយ​ទៅកាន់តំបន់អឺរ៉ុប ចំនួន ១៤ជើងនៅក្នុងរដូវប្រមូលផលផ្លែស្វាយ នាឆ្នាំ២០១៦នេះ។ បើតាមឧកញ៉ា ម៉ុង ឫទ្ធី ស្វាយនាំចេញទៅនេះ ផ្លែស្វាយដែលលោកដាំដោយខ្លួនឯងមានប្រមាណជា ១០ភាគរយ ក្រៅពីនោះ គឺដើរប្រមូលទិញពីប្រជាពលរដ្ឋ។

លោកឧកញ៉ា ក៏បានឲ្យដឹងផងដែរថា ផ្លែស្វាយ ដែលនាំចេញទៅកាន់​ទីផ្សារអឺរ៉ុប​បានលុះត្រាតែគោរពតាមស្តង់ដារចំណីអាហារ ពោលការដាំដុះត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដោយមិនត្រូវប្រើ​ថ្នាំគីមីអ្វីនោះឡើយ ហើយប្រើថ្នាំ ក៏ថ្នាំធម្មជាតិដែរ។ បើតាម លោកឧកញ៉ា ស្វាយដែលទិញនោះ គឺលោក បានឲ្យអ្នកបច្ចេកទេសចុះទៅបង្ហាត់បង្ហាញពីការដាំដុះ និងថែទាំងដល់ម្ចាស់ចំការ ថែមទៀតផង។

ពាក់ព័ន្ធតម្លៃនាំចេញវិញ ត្រូវបានលោកឧកញ៉ា អះអាងថា មានផលចំណេញតិចតួចបំផុត ស្ទើរតែទូទាត់ថ្លៃឈ្នួលយន្តហោះមិន បានផង តែដោយសារតែចង់ឲ្យមាន​វត្តមានផ្លែស្វាយរបស់ខ្មែរ​នៅលើទីផ្សារអឺរ៉ុប ទើបលោកខិតខំនាំចេញ។

ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងទៀតថា ទីផ្សារនៅតំបន់អឺរ៉ុប ត្រូវការផ្លែស្វាយរបស់ខ្មែរគ្រប់ពេលវេលាទាំងអស់ ពោលគឺមិនមានកំណត់ចំនួន ឬរដូវអ្វីនោះទេ តែអ្វីដែលជាបញ្ហាចោទ ពេលនេះផ្លែស្វាយ ដែលអាចនាំចេញបាន គឺប្រមូលទិញអស់ហើយ។

លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យជួយចុះបំផុសប្រជាពលរដ្ឋ និងផ្តល់បច្ចេកទេស ដាំដុះផ្លែស្វាយទៅដល់ប្រជាពលរដ្ឋ ដើម្បីកម្ពុជាមានស្វាយ​កាន់តែច្រើនទៅផ្គត់ផ្គង់ទីផ្សារនៅអឺរ៉ុប៕





ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh