CamNews

ព័ត៌មានអន្តរជាតិ 

ចាញ់បោកព្រោះលុយ 90$ ឈានទៅសម្លាប់ មនុស្ស ល្បីលើលោក ត្រឹមមួយពព្រិចភ្នែក

(កូឡាឡាំពួរ)៖ ស្ត្រីជនជាតិឥណ្ឌូណេស៊ី ដែលកំពុងជាប់ឃុំខ្លួននៅប្រទេសម៉ាឡេស៊ីនៅឡើយ ជុំវិញករណីឃាតកម្មលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន តាំងពីថ្ងៃ១៣ ខែកុម្ភៈមកនោះ បានទទួលប្រាក់ចំនួន ៩០ដុល្លារអាមេរិក ពីក្រុមជនសង្ស័យដែលបានអះអាងថា ស្ថិតនៅក្នុងកម្មវិធីល្បែងកម្សាន្តបំភ័យអារម្មណ៍ ឬ Prank ប៉ុន្តែការពិតវាជាការបោកប្រាស់សុទ្ធសាធ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរឥណ្ឌូណេស៊ី ដែលត្រូវបានដកស្រង់និងចេញផ្សាយ ដោយសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។


តាមរយៈអត្ថន័យខាងលើនេះគឺរដ្ឋាភិបាលឥណ្ឌូណេស៊ីចង់បញ្ជាក់ថា ជនជាតិរបស់ខ្លួនក៏ជាជនរងគ្រោះផងដែរ ដោយសារតែការបោកបញ្ឆោត ហើយរូបនាងក៏មិនបានដឹងថា ទាំងនោះជាការរៀបចំដើម្បីធ្វើឃាតនរណាម្នាក់នោះដែរ។

ករណីឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថា មានការចូលដៃពីមន្ត្រីទូតកូរ៉េខាងជើង និងជនជាតិកូរ៉េខាងជើងមួយចំនួនទៀត ខណៈសារធាតុគីមី VX ដែលត្រូវបានគេជឿជាក់ថាបានបំពុលលោក គីម នោះក៏កំពុងត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីស៊ើបអង្កេតរកប្រភពឲ្យបានល្អិតល្អន់ផងដែរ៕

ប្រភព ៖ វ៉ាស៊ីនតោនប៉ុស្តិ៍