CamNews

ព័ត៌មានអន្តរជាតិ 

មុននឹងស្លាប់‌! លោក គីម ជុងណាំ ធ្លាប់ផ្ញើសំបុត្រ​ទារលុយ​ចាយពី លោក គីម ជុងអ៊ុន

(សេអ៊ូល)៖ លោក គីម ជុងណាំ ដែលជាបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន ទំនងជាធ្លាប់បានផ្ញើសំបុត្រ មួយច្បាប់ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីទាមទារប្រាក់មួយចំនួន មុននឹងលោកត្រូវបានគេធ្វើឃាត នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ។ នេះបើតាមប្រធានវិទ្យាស្ថាន កូរ៉េសម្រាប់ប្រជាធិបតេយ្យ លោក Yoo Dong-ryul ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការអះអាងរបស់លោក Yoo Dong-ryul ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាននៅឯសភាជាតិនៅថ្ងៃចន្ទនេះ។ លោក Yoo លើកឡើងដូច្នេះថា៖ «បើទោះជា ព័ត៌មាននេះពុំត្រូវបានបង្ហើបដោយទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង NIS ក៏ដោយ ក៏ប៉ុន្តែលោក គីម ជុងណាំ ពិតជាធ្លាប់បានផ្ញើសំបុត្រមួយទៅ កាន់ប្អូនប្រុសរបស់ខ្លួនគឺលោក គីម ជុងអ៊ុន ដើម្បីទាមទារប្រាក់មួយចំនួន សម្រាប់ការចាយវាយប្រចាំថ្ងៃ ដោយសារតែលោកមានបញ្ហាហិរញ្ញវត្ថុ»។ តែទោះ បីជាបែបនេះក្ដី លោក Yoo មិនបានបញ្ជាក់ឱ្យច្បាស់នោះទេចំពោះប្រភពព័ត៌មាននេះដែលលោកទទួលបាន។

គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង NIS នៅថ្ងៃចន្ទដែរនេះ បាននិយាយចំៗតែម្ដងថា ក្រសួងសន្តិសុខ និងក្រសួងការបរទេសកូរ៉េខាងជើងគឺជាអ្នករៀបចំគំរោងសម្លាប់លោក គីម ជុងណាំ៕



ប្រភព ៖ យ៉ុនហាប់


Tags: Kim jong nam Int news Hot news