CamNews

ព័ត៌មានអន្តរជាតិ 

ស្ថិតិរដ្ឋបង្ហាញថា ប្រជាជនវៀតណាម ២០០នាក់ បានស្លាប់ដោយជំងឺមហារីក ក្នុងមួយថ្ងៃៗ

(ហាណូយ)៖ ក្នុងមួយថ្ងៃៗ ប្រជាជនវៀតណាមយ៉ាងហោចណាស់ ២០០នាក់ បានស្លាប់ដោយសារ ជំងឺមហារីក ដែលសរុបមួយឆ្នាំនោះ គឺចំនួនមនុស្សស្លាប់មានច្រើនជាង ៧០,០០០នាក់ ឯណោះ  នៅទូទាំងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។

ស្ថិតិខាងលើ ត្រូវបានប្រកាសឲ្យដឹងនៅក្នុងសិក្ខាសាលាជាតិមួយ ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺមហារីក ដែលកំពុងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ហើយសិក្ខាសាលា ដែលមានរយៈពេលពីរថ្ងៃនេះ ទទួលបានការចូលរួមពីមហាជនច្រើនជាង១,០០០នាក់ ដោយក្នុងរួមមាន វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយដ៏ទៃៗទៀតផងដែរ។

ជាមួយគ្នានេះដែរ លោក Tran Van Thaun ដែលប្រធានមន្ទីរពេទ្យនាំមុខគេរបស់វៀតណាម K Hospital បានថ្លែងឲ្យដឹងថា អ្នកជំងឺមហារីកជាង ៧០ភាគរយ នៅក្នុងប្រទេសវៀតណាម ភាគច្រើនសម្រេចចិត្តទៅរកមន្ទីរពេទ្យ នៅពេលដែលខ្លួនឈានដល់ ដំណាក់កាលចុងក្រោយទៅហើយ ដែលប្រការនេះធ្វើឲ្យកម្រិត នៃការព្យាបាលឲ្យជាសះស្បើយតិចតួចបំផុត។

គួរបញ្ជាក់ដែរថា បើយោងតាមអ្នកជំនាញបារាំងនៅឯសិក្ខាសាលាខាងលើ នៅពេលដល់ឆ្នាំ២០២០ ប្រទេសវៀតតណាមនឹងមានករណីនៃជំងឺមហារីកប្រហែល ១៨៩,០០០ ជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ន វៀតណាមគឺស្ថិតនៅក្នុងលេខរៀងទី៧៨ក្នុងចំណោម១៧២ប្រទេស នៅលើសកលលោក ក្នុងបញ្ជីប្រទេសដែលមានករណីជំងឺមហារីកថ្មី៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Vietnam Asia Zika Int news