(កំពត)៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពក្មេងស្រីម្នាក់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុច គំនរចំបើងកន្លែងដាច់ស្រយាលមួយ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
មន្រ្តីនគរបាលស្រុកឈូក បានប្រាប់អង្គភាព Fresh News ថា ក្មេងរងគ្រោះបានចេញពីផ្ទះទៅរៀនតាំងពីព្រឹកថ្ងៃទី១៩ម្សិលមិញ រហូតដល់ល្ងាច បងប្អូនកុមារីរងគ្រោះមិនបានឃើញ ត្រឡប់មកផ្ទះវិញក៏បានបបួលគ្នាចេញទៅដើររក តែមិនឃើញទេលុះព្រឹកឡើង ថ្ងៃនេះទើបប្រជាពលរដ្ឋដើរប្រទះឃើញសាកសព នៅចំណុចកើតហេតុខាងលើ ហើយក៏បានទំនាក់ទំនងមកកម្លាំងនគរបាលភ្លាម ឲ្យចុះទៅជួយអន្តរាគមន៍ និងពិនិត្យសព។
នគរបាលដដែលឲ្យដឹងទៀតថា កុមារីរងគ្រោះមានឪពុកកំព្រាម្តាយរស់នៅជាមួយបងប្អូន ដោយឪពុកមិនបាននៅផ្ទះទេគឺចេញទៅ លេងបងប្អូននៅឯខេត្តបាត់ដំបងឯណោះ។
ករណីនេះត្រូវនគរបាល ដាក់ការសង្ស័យជាបឋម ជារឿងរំលោភសេពសន្ទវៈ រួចសម្លាប់ចោលដើម្បីបំបិតមាត់។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយនៅវេលានេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្ត ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តលោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានចុះទៅដល់កន្លែងកើតហេតុហើយ ដើម្បីស្រាវជ្រាវរុករកមុខសញ្ញាជនដៃដល់នាំយកមកផ្តន្ទាទោស តាមច្បាប់។
កុមារីរងគ្រោះ ឈ្មោះ ឃុន ណាន អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី