(បាងកក)៖ បុត្រាស្នងរាជ្យរបស់ប្រទេសថៃ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងត្រឡប់ពីបរទេស មកកាន់ទីក្រុងបាងកកវិញហើយនៅថ្ងៃសុក្រនេះ ដែលនៅសល់តែប្រមាណជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ពេលឡើងគ្រងរាជ្យសម្បត្តិ ជាមហាក្សត្រថ្មី នៃព្រះរាជាណាចក្រថៃហើយនោះ។ នេះបើតាមសម្តីរបស់មន្រ្តី រដ្ឋាភិបាលថៃដែលបានដកស្រង់ ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦
មន្រ្តីយោធាជាន់ខ្ពស់ថៃមួយរូប បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសសញ្ញាណថា «ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងត្រឡប់ពីប្រទេស អាល្លឺម៉ង់មកកាន់ ប្រទេសថៃវិញហើយ ហើយទ្រង់នឹងយាងទៅចូលរួម ក្នុងព្រឹត្តិការណ៍មួយនៅឯ ទីបញ្ជាការកងអង្គរក្ស ព្រះមហាក្សត្រនាល្ងាចថ្ងៃសុក្រនេះ។ ទន្ទឹមគ្នានេះដែរ ការយាង ត្រឡប់មកកាន់មាតុប្រទេសវិញនេះ នឹងជួយបន្ធូរបន្ថយនូវរាល់ក្តីព្រួយបារម្ភនានា អំពីការឡើងសោយរាជ្យសម្បត្តិ ពីសំណាក់ពលរដ្ឋថៃគ្រប់រូប»។
គួរបញ្ជាក់ដែរថា ប្រទេសថៃពុំមានព្រះរាជា អស់រយៈពេលមួយខែមកហើយ ចាប់តាំងពីពេលដែល អតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយ ទិវង្គតកាលពីថ្ងៃទី១៣ ខែតុលាទៅ ហើយព្រះរាជ្យកិច្ចទាំងឡាយបាន និងកំពុងស្ថិតក្រោមការគ្រប់គ្រង ជាបណ្តោះអាសន្នរបស់មហាឧបរាជ ព្រេម ទិនស៊ូឡាណុន ដែលជាប្រធានក្រុមប្រឹក្សា ជំនិតនៃព្រះមហាក្សត្រសិន នៅមុនពេលនៃការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះរាជទាហាទនៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះបានឈានចូលមកដល់៕
ប្រភព ៖ reuters
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង