(ព្រុចសែល)៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានប្រកាសលុបចោលការហ្វឹកហាត់ជុំគ្នាភ្លាមៗ ក្រោយពីមានការបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុង Brussels ប្រទេលបែលហ្ស៊ិកនាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦ ស្មើនឹងរសៀលថ្ងៃអង្គារដូចគ្នាម៉ោងនៅកម្ពុជា ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថ្ងៃនេះថា ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក ដែលគ្រោងចេញធ្វើការហ្វឹកហាត់ជុំគ្នានារសៀលថ្ងៃអង្គារនេះ គ្រោងប៉ះក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងមិត្តភាពថ្ងៃទី២៩ មីនាខាងមុខនោះ ក្នុងមិត្តភាពអន្តរជាតិ ត្រូវបានដាក់ក្នុងមន្ទិលសង្ស័យហើយនាពេលនេះ ។
ការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងបានកើតមានឡើង ក្នុងនោះមានទាំងនៅអាកាសយានដ្ឋាន និងស្ថានីយរថភ្លើងក្រោមដីផងដែរ ដែលបានបណ្តាលឲ្យមនុស្ស២៩នាក់បានស្លាប់ និងរបួសជាង៥០នាក់ ខណៈដែលក្រុមជម្រើសជាតិបែលហ្ស៊ិក ក៏ជាក្រុមដែលជាប់ឈ្មោះទៅលេងពាន Euro 2016 នៅប្រទេសបារាំងផងដែរ ដោយស្ថិតក្នុងពូល E ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ស៊ុយអែត និងអៀរឡង់ខាងជើង ៕
- អាន ៖ ភារវកម្ម បំផ្ទុះគ្រាប់បែក ២ គ្រាប់នៅអាកាសយានដ្ឋាន ស្លាប់ និងរបួសច្រើននាក់ (មានវីដេអូរន្ធត់)
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី