(ប៉េកាំង)៖ ចិននឹងចាប់ផ្ដើមប្រមូលស្នាមម្រាមដៃឌីជីថលពីភ្ញៀវទេសចរបរទេសទាំងអស់ ដែលធ្វើដំណើរមកដល់ទឹកដីរបស់ខ្លួន ក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ ហើយព្រមពេលជាមួយគ្នានោះទីក្រុងប៉េកាំង មិនបានបញ្ជាក់ឱ្យបានច្បាស់ឡើយថា តើព័ត៌មានបុគ្គលមានជាប់ពាក់ព័ន្ធនឹងវិធានការនេះ ឬក៏យ៉ាងណានោះទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍នៃក្រសួងសន្តិសុខសាធារណៈ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្ដីថ្លែងការណ៍នៃក្រសួងសន្តិសុខសាធារណៈ ការប្រមូលស្នាមម្រាមដៃឌីជីថលនឹងត្រូវចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃសុក្រស្អែកនេះតទៅ នៅឯអាកាស យានដ្ឋាននៃខេត្ត Shenzhen ហើយនឹងពង្រីកដំណើរការទៅកាន់ រាល់ប៉ុស្ដិ៍ព្រំដែនទាំងអស់នៅក្នុងប្រទេសចិន ដើម្បីការពារសន្តិសុខជាតិក៏ដូចជាពង្រឹងការត្រួតពិនិត្យលើការធ្វើអន្តោប្រវេសន៍ឱ្យកាន់តែមានប្រសិទ្ធិភាព។ មួយវិញទៀតអ្នកដំណើរគ្រប់រូប និងអ្នកកាន់លិខិតឆ្លងដែនបរទេស មានអាយុពី១៤ ដល់៧០ឆ្នាំ ក៏មានជាប់ពាក់ ព័ន្ធនឹងវិធានការសន្តិសុខនេះដែរ។
គួរបញ្ជាក់ថាក្រៅពីចិន សហរដ្ឋអាមេរិក តៃវ៉ាន់ ជប៉ុន និងកម្ពុជា ជាដើមក៏បានតម្រូវឲ្យប្រមូលស្នាមម្រាមដៃឌីជីថលដូចគ្នានេះដែរ៕
ប្រភព ៖ CNA