ឈានជើងមកដល់ទឹកដីប្រទេសជប៉ុន ក្នុងដំណើរទស្សនកិច្ច ៣ប្រទេស នៅអាស៊ី លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមកទស្សនាសារមន្ទីរវិទ្យាសាស្រ្តបច្ចេកវិទ្យា Miraikan និងលេងបាល់ទាត់ជាមួយ
នឹងរ៉ូបូត (Robot) ល្បីឈ្មោះ ASIMO ផងដែរ។
ការចូលទស្សនាសារមន្ទីរ Miraikan របស់លោកប្រធានាធិបតី អូបាម៉ា គឺដើម្បីទៅមើល និងកត់សម្គាល់ លើដំណើរការផ្លាស់ប្តូរវិទ្យាសាស្រ្ត រវាងប្រទេសទាំងពីរ ដែលមានរយះពេល ១០ឆ្នាំមកហើយ ទន្ទឹម
នឹងនោះ ក៏ជាឱកាស ខាងប្រទេសជប៉ុន សម្តែងបង្ហាញនូវបណ្តាបច្ចេកវិទ្យាកំរិតខ្ពស់បំផុត របស់ពួកគេ ផងដែរ។
លោកអូបាម៉ា ត្រូវបានគេបង្ហាញណែនាំនូវ កូនរ៉ូបូតចំនួនពីរគ្រឿង ដែលក្នុងនោះ មានមួយគឺជារ៉ូបូត ASIMO ដែលជារ៉ូបូតដ៏ល្បីឈ្មោះ បង្កើតឡើងដោយក្រុមហ៊ុនហុងដា។ ក្នុងពេលប្រឈមមុខជាមួយនឹង លោកប្រធានាធិបតី ASIMO បាននិយាយសំដីស្វាគមន៍ជាភាសាអង់គ្លេសថាៈ "ពិតជាមានកិត្តិយស ណាស់ដែលបានជួបលោក" ។ បន្ទាប់មក រ៉ូបូតបានសម្តែងនូវសកម្មភាពពិបាកមួយចំនួន ហើយភ្លាម នោះវាបានរត់ទៅក្បែរកន្លែកបាល់ទាត់មួយ និងបាននិយាយទៅកាន់លោក ប្រធានាធិបតីថាៈ "ខ្ញុំអាច ទាត់បាល់បានទៀត"។
ពេលដែលលោកអូបាម៉ា ឆ្លើយតបថា: "អូខេ! ទាត់ឲ្យមើលបន្តិចមើល៍" រ៉ូបូត ASIMO ក៏បានទាត់បាល់ សំដៅទៅខាងលោកអូបាម៉ា ភ្លាម។
"វាពិតជាអស្ចារ្យណាស់", លោកប្រធានាធិបតី កំណត់បញ្ជាក់។ លោកអូបាម៉ា ក៏បាននិយាយជាមួយ នឹងបណ្តាភ្ញៀវកតិ្តយស ដែលបានចូលរួមក្នុងពិធីជួបគ្នានោះថា: "ពួកយើងបានឃើញ បណ្តារ៉ូបូតដ៏ ឆ្លាតវៃ រហូតដល់មិនគួរឲ្យជឿ។ ខ្ញុំអាចនិយាយបានថា ពិតជាគួរឲ្យខ្លាច ព្រោះពួកវាដូចមនុស្សខ្លាំង ណាស់។ បណ្តានិស្សិត បានឲ្យខ្ញុំឃើញ នូវការច្នៃប្រឌិតវិទ្យាសាស្រ្តមួយចំនួនរបស់ពួកគេ ក្នុងនោះ មានទាំងបណ្តារ៉ូបូត ដែលអាចទាត់បាល់បាន យ៉ាងអស្ចារ្យទៀតផង"។
ASIMO គឺជារ៉ូបូត ដែលបង្កើតឡើងដោយក្រុមហ៊ុនហុងដា និងបានបង្ហាញណែនាំ ជាលើកដំបូងកាលពី ឆ្នាំ ២០១០។ បណ្តាវិស្វកររបស់ ក្រុមហ៊ុនហុងដា បានចំណាយពេលអស់ ១៤ឆ្នាំ ក្នុងការស្រាវជ្រាវ បណ្តា ការបោះជំហានទៅមុខរបស់មនុស្ស ដើម្បីយកមកអនុវត្តលើ ASIMO។ នៅឆ្នាំ ២០១៤ ហុងដា បានធ្វើ ការអភិវឌ្ឍ ASIMO ដែលជួយឲ្យបណ្តាសកម្មភាពរបស់វា កាន់តែមានភាពទន់ភ្លន់ ដូចទៅនឹង មនុស្ស៕
ប្រែសម្រួល៖ សិលា
ប្រភព៖ CNN, vreview