(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធដែលកំពុងលេងធ្លាក់ទម្រង់លេង Diego Costa ចង់ចាកចេញពីក្លឹបតោខៀវ Chelsea វិលត្រឡប់ទៅក្លឹប Atletico Madrid របស់អេស្ប៉ាញវិញ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Dailystar។
តែប្រភពពីក្លឹបអង់គ្លេស Chelsea វិញបានបញ្ជាក់ថា កីឡាករដើមកំណើតប្រេស៊ីល សញ្ជាតិអេស្ប៉ាញខាងលើនេះ មានភាពកក់ក្តៅខ្លាំងណាស់ជាមួយនឹង Chelsea ដោយកំពុងទន្ទឹងរង់ចាំការមកដល់របស់គ្រូបង្វឹកថ្មី Antonio Conte ដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី លេងក្នុងយុទ្ធនាការ Euro 2016 នៅប្រទេសបារាំង ស្រាប់តែថ្មីៗនេះ តារាវ័យ៣០ឆ្នាំ Costa ប្រាប់ថា ចង់ចាកចេញវិលទៅកាន់ក្លឹបចាស់ទៅវិញ គ្រាដែលក្លឹបជាប់លេខ៣ នៃពាន La Liga រដូវកាលមុន ក៏ចង់បានរូបគេត្រឡប់ទៅវិញដែរ។
ទន្ទឹមគ្នានោះដែរ សម្រាប់តម្លៃខ្លួនកីឡាករដែលមិនជាប់ក្នុងជម្រើសជាតិអេស្ប៉ាញនៃ Euro 2016 លើកទី១៥នេះ ត្រូវបានគេប៉ានប្រមាណថា ប្រហែល ៤០លានផោន ដែលក្លឹបទាំងពីរប្រហែលបើកការពិភាក្សាគ្នាក្នុងរយៈពេល ២-៣ ថ្ងៃទៀត ហើយក្លឹបដែលអត់មានកៅអីលេងក្នុង Champions League ឬក៏ពានលំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប Europa League រដូវកាលឆ្នាំ២០១៦-២០១៧ នេះ ក៏ជិតទិញបានកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Michy Batshuayi មកពីក្លឹប Marseille ក្នុងតម្លៃ ៣៣លានផោន ដើម្បីជំនួសកន្លែង Costa រួចស្រេចដែរ។
តារាវ័យ២៧ឆ្នាំ រកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣៦គ្រាប់ ពីការចូលលេងបាន ៧៨ប្រកួតក្នុងក្លឹប Chelsea ក្នុងរយៈ ពេល ២ឆ្នាំមកនេះ ដោយបានជួយឲ្យក្រុមតោខៀវមួយនេះ ឈ្នះពាន Premier League បានសម្រេចកាលពីរដូវកាល ឆ្នាំ២០១៤-២០១៥ ក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលត្រូវបានបណ្តេញចេញពីតំណែង Jose Mourinho៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង