ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រហូឡង់ បានបង្ហាញថា ការបឺតមាត់មួយដងដែល
មានរយៈពេល ១០វិនាទី អាចនឹងចម្លងបាក់តេរីដល់គ្នា ប្រហែល ៨០លានក្បាល។
ការសិក្សាស្រាវជ្រាវខាងលើនេះ ត្រូវបានធ្វើឡើងនៅលើបុរស និងស្ដ្រីចំនួន ២១គូ ដោយរួមទាំង
មាន ការសម្ភាសទាក់ទិននឹងទម្លាប់បឺតមាត់របស់ពួកគេ។ ម្នាក់ក្នុងចំណោមគូស្នេហាមួយគូ ត្រូវ
បានស្នើឱ្យផឹកភេសជ្ជៈប្រភេទ ប្រូបៃអូទិច ដែលមានផ្ទុកបាក់តេរី ងាយនឹងមើលឃើញ។ ក្រោយ
មក អ្នកវិទ្យាសាស្ដ្រ ប្រមូលយកទឹកមាត់នៅលើអណ្ដាតរបស់ពួកគេ មុន និងក្រោយការបឺតមាត់
រយៈពេល ១០វិនាទី។
នៅក្នុងការបឺតមាត់លើកទីពីរ គេរកឃើញថា បាក់តេរី បានឆ្លងទៅមករវាងភាគីខាងប្រុស និង
ខាងស្រី។ យោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវរបស់ហូឡង់ ជាមធ្យម ការបឺតមាត់រយៈពេល
១០វិនាទី គឺមានផ្ទុកបាក់តេរីចំនួន ៨០លានក្បាល ហើយការបឺតមាត់ ៩ដង ក្នុងមួយថ្ងៃ នឹងមាន
ការឆ្លងបាក់តេរីតាមរយៈទឹកមាត់ ច្រើនជាងនេះ។
ការបឺតមាត់ក្នុងរយៈពេលកាន់តែវែង វាអាចនឹងឆ្លងរោគកាន់តែច្រើន
ទំព័រ BBC ដកស្រង់សម្ដីរបស់សាស្ដ្រាចារ្យ Remco Kort ដែលជាអ្នកដឹកនាំការពិសោធខាងលើ
ឱ្យដឹងថា ការថើបគ្នាតាមបែបអឺរ៉ុប អាចជាវិធីចម្លងបាក់តេរីក្នុងបរិមាណច្រើន ក្នុងរយៈពេលដ៏ខ្លី។
សូមបញ្ជាក់ថា ការពិសោធនេះ ពិតជាមានប្រយោជន៍ខ្លាំងចំពោះក្រុមអ្នកស្រាវជ្រាវ ព្រោះថា
ការរកឃើញខាងលើនឹងជួយឱ្យពួកគេ រកវិធីព្យាបាលជម្ងឺដែលកើតឡើងដោយសារបាក់តេរី។
ជាងនេះ វាក៏ជួយឱ្យគូស្នេហាទាំងឡាយ មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលសម្រេចចិត្ត “ក្រេប
រសជាតិទឹកមាត់” រវាងគ្នានឹងគ្នា៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sciencedaily