(ប៉េកាំង)៖ មនុស្សចំនួន ២២នាក់ត្រូវបាន អាជ្ញាធរអះអាងថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលំនៅឋានចំនួនបួនខ្នង នៅក្រុង Wenzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានដួលរលំនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។
ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ៤៖០០នាទី ព្រឹកថ្ងៃចន្ទ នៅក្នុងសង្កាត់ Lucheng នៃខេត្ត Wenzhou អាជ្ញាធរនៃតំបន់កើតហេតុបានឲ្យដឹងថា មនុស្សចំនួន ២៨នាក់ ត្រូវបានគេទាញ ចេញពីគំនរបាក់បែក ហើយក្នុងនោះមានតែមនុស្សចំនួន ០៦នាក់ ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។
ជុំវិញការដួលរលំផ្ទះនេះដែរ ក្រុមសង្រ្គោះបានបញ្ជាក់ថា អគារទាំងប្រាំនោះ ត្រូវបានសាងសង់ឡើង ដោយប្រជាជនដែលរស់នៅក្នុងសង្កាត់ Lucheng ដោយគ្មានក្បួនខ្នាត និងបច្ចេកទេសច្បាស់លាស់ នោះឡើយ រីឯផ្ទះប្រាំខ្នងទៀតនៅជាប់នោះ ដែលត្រូវបានកសាងឡើង កាលពីទសវត្សរ៍ទី៧០ ហើយ ក៏ត្រូវបានគេកម្ទេចចោល ដើម្បីបង្កាហានិភ័យ ដែលអាចនឹងកើតមាននៅពេលក្រោយៗទៀត។
គួរបញ្ជាក់ដែរថា ប្រទេសចិន តែងតែមានករណីដួលរលំផ្ទះ ឬអគារជាញឹកញយ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយខ្លះគឺបណ្តាលមកពីគុណភាពសំណង់ តួយ៉ាងកាលពីខែឧសភា មនុស្សចំនួន ១៦នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត នៅក្រោយការដួលរលំអគារមួយ នៅខេត្ត Guizhou ហើយកាលពីខែមេសា ឯណោះវិញ មនុស្សពីរនាក់បានស្លាប់ រួមជាមួយនឹង ២៤នាក់ទៀត បានទទួលរងរបួស ដោយសារការដួលរលំអគារមួយកន្លែងផងដែរ៕
ប្រភព ៖ ស៊ិនហួរ