ពិសាទឹកតែបៃតងមួយពែងជារៀងរាល់ថ្ងៃ អាចជួយឱ្យស្បែករបស់អ្នករលោង និងបាត់ស្នាម។ ក្រៅពីបណ្ដេញជាតិពុលពីរាងកាយរបស់អ្នក គុណសម្បត្ដិប្រឆាំងភាពចាស់របស់វា អាចជួយការពារស្បែករបស់អ្នកពីភាពជ្រីវជ្រួញ ជួយឱ្យស្បែករបស់អ្នកក្មេងជាងវ័យ និងមានសុខភាពល្អទៀតផង។ ក្រៃលែងជាងនេះទៅទៀត គុណសម្បត្ដិប្រឆាំងនឹងបាក់តេរីរបស់វា ក៏អាចការពារប្រឆាំងនឹងការចេញមុនផងដែរ។ ខាងក្រោមនេះ គឺជាវិធីផ្សំតែបៃតងព្យាបាលស្បែក ដែលអ្នកអាចរៀបចំយ៉ាងងាយស្រួល នៅផ្ទះរបស់អ្នក៖
រូបមន្ដតែបៃតងជួយឱ្យស្បែកម៉ត់រលោង៖
តែបៃតង មានសមត្ថភាព កម្ចាត់ជាតិពុលចេញពីស្បែករបស់អ្នក។ ប្រសិនបើអ្នកចង់ឱ្យស្បែករបស់អ្នកម៉ត់រលោងនោះ អ្នកអាចយកកញ្ចប់តែបៃតងនេះ មកប្រើដើម្បីព្យាបាលបាន។ សូមយកតែបៃតង ២ កញ្ចប់(កញ្ចប់តូចៗ) ទឹកឃ្មុំ ១ ស្លាបព្រាបាយកន្លះ និងទឹកក្រូចឆ្មារ ៥-៦ តំណក់។ លាយគ្រឿងផ្សំទាំងអស់នេះឱ្យបានល្អរហូតទាល់តែវាខាប់ ហើយប្រើវាលាបទៅលើមុខរបស់អ្នក។ ទុកវានៅលើមុខឱ្យបានរយៈពេលប្រហែល ១៥ នាទី រួចលាងជម្រះវាដោយទឹកក្តៅឧណ្ហ ៗ។
រូបមន្តតែបៃតងព្យាបាលស្បែកស្ងួត
រូបមន្ដព្យាបាលមុខនេះ តម្រូវឱ្យអ្នកយកសំបកក្រូចពោធិសាត់មកប្រើ ព្រោះវានឹងជួយកាត់បន្ថយកោសិកា ស្បែកខូចយ៉ាងមានប្រសិទ្ធភាព។ សូមយកតែបៃតង ១ ស្លាបព្រាបាយ សំបកក្រូចពោធិសាត់ពីរបីចំណិត និងទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ។ កិនសំបកក្រូច រហូតម៉ត់ដូចម្សៅ ហើយនៅពេលកិនវារួចរាល់ សូមយកម្សៅសំបកក្រូច ១ ស្លាបព្រាបាយដាក់ក្នុងចានគោមមួយលាយជាមួយគ្រឿងផ្សំ ដែលនៅសល់។ លាយគ្រឿងផ្សំទាំងនេះបញ្ចូលគ្នា ហើយលាបវានៅលើមុខរបស់អ្នក។ ទុកវាចោលប្រហែល ១០ នាទី ហើយលាងវាជម្រះចោល ដោយទឹកត្រជាក់។
រូបមន្ដតែបៃតងព្យាបាលស្បែកជ្រួញ
ដើម្បីបង្កើតរូបមន្ដប្រឆាំងនឹងភាពចាស់ដ៏អស្ចារ្យនេះ តម្រូវឱ្យអ្នកយកតែបៃតង ១ ស្លាបព្រាបាយ និងយ៉ាអួស្រស់ ២ ស្លាបព្រាបាយ។ សូមលាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឱ្យល្អ ហើយលាបវានៅលើមុខរបស់អ្នក។ ទុកវាចោលឱ្យបានរយៈពេលប្រហែល ២០ នាទី ហើយលាងជម្រះចេញ ដោយទឹកក្តៅឧណ្ហ ៗ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ndtv