(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United រកបាន៣ពិន្ទុជាលើកទី២ ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល A បណ្តោះអាសន្ន ក្រោយបំបាក់ក្រុមភ្ញៀវ Fenerbahce របស់តួកគីក្នុង Europa League យប់មិញនេះ។
នេះជាការប្រកួតសន្សំពិន្ទុលើកទី៣របស់គេ ក្រៅពីឈ្នះ២ដង មិនដែលស្មើ និងចាញ់១ដង ស្របពេលដែលម្ចាស់ផ្ទះ Feyenoord របស់ហូឡង់ក៏បានយកឈ្នះក្រុមភ្ញៀវ Zorya ១-០ យប់មិញនេះដែរមាន៦ពិន្ទុដូចគ្នា ឈរនៅលេខរៀងទី២បណ្តោះអាសន្ន។
កីឡាករចំណូលថ្មី Paul Pogba ដែលត្រូវបាន Man Utd ទើបតែទិញពីក្លឹប Juventus ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យបិសាចក្រហម ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៣១ មុនពេលរកបានគ្រាប់ទី២របស់គេនៅនាទីទី៤៥ និង Anthony Martial ប៉េណាល់ទី១គ្រាប់ដែរនៅនាទីទី៣៤ មុនពេលចាប់ផ្តើមវគ្គទី២ បាន៣នាទី Jesse Lingard បន្ថែមគ្រាប់ទី៤ទៀតក្នុងទឹកដី Old Trafford។
ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ អតីតកីឡាករ Man Utd ចាស់ Robin van Persie ក៏បានស៊ុត១គ្រាប់ឲ្យ Fenerbahce មុនត្រឡប់ទៅផ្ទះវិញដែរនៅនាទីទី៨៣ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៧១០០០នាក់ ខណៈដែលក្រុមខ្លួនទើប រកបាន៣ពិន្ទុនៅឡើយ ឈរលេខ៣ បណ្តោះអាសន្ន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង