CamNews

ព័ត៌មានអន្តរជាតិ 

មុនបញ្ចប់អាណត្តិ ត្រឹមស្អែកនេះ Obama លើកលែងទោស នារីកែភេទម្នាក់ ដ៏គួរឲ្យភ្ញាក់ផ្អើល

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បាន​សម្រេច​ចិត្ត​បន្ធូរបន្ថយ​ទោសដល់អតីត​កងទ័ព​អាមេរិក​ម្នាក់​ឈ្មោះ Chelsea Manning ពីទោស​ជាប់​ពន្ធនាគារ​ ៣៥ឆ្នាំ មកនៅ​ត្រឹម​០៧ឆ្នាំ ហើយ​ដែលអាច​នឹងត្រូវដោះលែង​ឱ្យមាន​សេរីភាព​នៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ ក៏ប៉ុន្តែអ្វី​ដែល​សំខាន់​នៅពេលនេះគឺថា ​តើស្ថាបនិក​គេហទំព័រ Wikileaks លោក Julian Assange នឹងគោរព​តាម​ការ​សន្យា​ទទួលយកការធ្វើបត្យាប័ន​មកកាន់​សហរដ្ឋអាមេរិក​ដែរ​ឬទេ? នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ​​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters នៅល្ងាច​ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។


កាលពី០៥ថ្ងៃមុន លោក Julian Assange ដែលកំពុងរស់​នៅនិរទសខ្លួន​ក្នុងស្ថានទូត អេក្វាឌ័រ​ប្រចាំ​ប្រទេស​អង់គ្លេស បានសន្យាថា​ លោក​នឹងទទួលយក​ការធ្វើបត្យាប័ន​មកកាន់​សហរដ្ឋអាមេរិក បើសិនជា​លោក អូបាម៉ា យល់ព្រម​លើកលែង​ទោសឱ្យលោក Chelsea Manning។

ដោយឡែក​ពាក់ព័ន្ធនឹងការបន្ធូរបន្ថយ​ទោស​នេះដែរ ស្ថាបនិក​គេហទំព័រ Wikileaks រូបនេះ​បានសាទរ និងអរគុណ​ដល់អ្នកទាំង​ឡាយ​ដែលបាន​តស៊ូដើម្បី​ឱ្យ Manning មានសេរីភាពឡើងវិញ ចំណែកឯ​មេធាវី​របស់លោក Assange ក៏បានអះអាង​ថា លោកនឹងគោរព​តាមអ្វីដែល​ខ្លួនបានសន្យាផងដែរ។



ជាងនេះទៅទៀត​បើការ​ធ្វើបត្យាប័ន​រូបលោក​ត្រូវបានធ្វើឡើង​មែននោះ លោក Assange អាចនឹង​ប្រឈមមុខ​នឹងការចោទ​ប្រកាន់​ពី​បទ ធ្វើចារកម្ម​ពីសំណាក់​អាជ្ញាធរ​អាមេរិក ខណៈមក​ទល់​ពេលនេះ​រដ្ឋបាល លោក អូបាម៉ា មិនទាន់​ដាក់​សំណើ​ធ្វើបត្យាប័ន​នៅឡើយទេ។

គួរបញ្ជាក់ថា​ នៅមុនពេលបញ្ចប់​អាណតិ្ត​ជា​ប្រធានាធិបតី​អាមេរិក លោក អូបាម៉ា នៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចលើក​លែង​ទោស​ដល់មនុស្ស ៦៤នាក់ និង​បន្ធូរបន្ថយ​ទោស​សម្រាប់​មនុស្ស ២០៩នាក់ រួមទាំង Chelsea Manning ផងដែរ ដែលជាអតីត​កងទ័ព​អាមេរិក​ម្នាក់ បានវះកាត់​ប្ដូរភេទ​ពីស្រី​ទៅប្រុស។ 
Chelsea Manning មានអាយុ ២៩ឆ្នាំ និងមានឈ្មោះដើម Bradley Manning ត្រូវបាន​តុលាការ​អាមេរិក​ផ្ដន្ទាទោស​កាលពី​ខែសីហា ឆ្នាំ២០១៣ ឱ្យជាប់ពន្ធនាគារ ៣៥ឆ្នាំពីបទ​បញ្ជូនឯកសារ​សម្ងាត់ជាង ៧០០,០០០ទំរង់​ឱ្យទៅគេហទំព័រ Wikileaks ក្នុងនោះ​មានទាំងឯកសារ​និយាយពី​ការរំលោភបំពាន​របស់កងទ័ព​អាមេរិកនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ថែមទៀតផង៕



ប្រភព ៖ Reuters/ប៊ីប៊ីស៊ី


Tags: Int news Obama Hot news Breaking news