(ម៉ានីល)៖ ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធដែលគេជឿជាក់ថា ជាសមាជិកក្រុមឧទ្ទាមរណសិរ្ស រំដោះអ៊ីស្លាមមូរ៉ូ (Moro Islamic Liberation Front) បានបើកការវាយប្រហារទ្រង់ទ្រាយធំនៅព្រឹក ថ្ងៃពុធនេះទៅលើពន្ធនាគារមួយកន្លែងស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីនដោយសម្លាប់ឆ្មាំពន្ធនាគារម្នាក់ព្រមទំាងបានរំដោះអ្នកទោសជាង ១៥០នាក់។ នេះបើតាមសម្តីមន្ត្រីអាជ្ញាធរម្នាក់នៅក្នុងតំបន់ដែលចុះផ្សាយដោយសារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងដែរថា ការប៉ះទង្គិចគ្នាបានអូសបន្លាយពេលជាង ២ម៉ោង នៅពេលដែលក្រុមបុរសប្រដាប់អាវុធប្រមាណជា ១០០នាក់ បានវាយប្រហារទាំងកម្រោលលើពន្ធនាគារក្នុងខេត្ត North Cotabato ដោយផ្ដល់ឱកាសឱ្យអ្នកទោស ១៥០នាក់រត់គេចចេញពីពន្ធនាគារនេះ។ ជាមួយគ្នានោះដែរប្រធានរដ្ឋបាលពន្ធនាគារ លោក Peter John Bonggat បានប្រាប់ស្ថានីយ៍ទូរទស្សន៍ ABS-CBN ថា «នេះជាប្រតិបត្តិការជួយសង្រ្គោះគ្នីគ្នារបស់ពួកគេ... វាគឺប្រតិបត្តិការជួយសង្រ្គោះ ហើយឆ្មាំពន្ធនាគាររបស់យើងរងការវាយប្រហារយ៉ាងដំណំ រីឯអ្នកទោសជាច្រើននាក់បានឆ្លៀតឱកាសរត់គេចខ្លួន»។
ចំណែកឯខាងយោធា និងអាជ្ញាធរហ្វីលីពីនមិនទាន់ទទួលស្គាល់ព័ត៌មានដែលថា ក្រុមឧទ្ទាមបំបែករដ្ឋរណសិរ្សរំដោះអ៊ីស្លាមមូរ៉ូ ជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ ក៏ប៉ុន្តែពួកគេបាននិងកំពុងធ្វើប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួន និងក្រុមខ្មាន់កាំភ្លើង។ គួររំលឹកថាកាលពីឆ្នាំ២០១៦ ក្រុមឧទ្ទាមអ៊ីស្លាមបំបែករដ្ឋនៅភាគខាងត្បូង ប្រទេសហ្វីលីពីនក៏ធ្លាប់រំដោះអ្នកទោស ២៣នាក់ ចេញពីពន្ធនាគារមួយចំនួនក្នុងតំបន់នេះផងដែរ៕
ប្រភព ៖ ស៊ិនហួរ