(ភ្នំពេញ)៖ អាល់ប៊ុមប្រភេទជាសាច់រឿងស្នេហាថ្មី ដែលជាអាល់ប៊ុមរបស់តារាចម្រៀងល្បីៗចំនួន២ដួង គឺលោក ខេមរៈ សិរីមន្ត និងកញ្ញា សុខ ពិសី កំពុងត្រៀមចេញជាវីដេអូ Trailer ក្នុងពេលឆាប់នេះ ហើយពិតជាប្លែក និងកក្រើកក្នុងឆ្នាំនេះ ព្រោះតែក្នុងអាល់ប៊ុម មានសាច់រឿងប្រទាក់ក្រឡាគ្នា ស្នេហាបែបមនោសញ្ចេតនាជ្រាលជ្រៅ ផ្អែមល្ហែម កំសត់ ដែលជាការសម្រិតសម្រាំងយ៉ាងពិសេស របស់ផលិតកម្ម សាន់ដេ។
Facebook ផ្លូវការរបស់ផលិតកម្ម សាន់ដេ ដែលចេញផ្សាយនៅប៉ុន្មានម៉ោងមុននេះ បានសរសេរបញ្ជាក់ថា «Like កាន់តែច្រើន Share កាន់តែច្រើន ខាងផលិតកម្ម សាន់ដេយើងខ្ញុំ និងបង្ហោះ Trailer មុនកំណត់ចង់ដឹងថា ស្នេហានេះកើតឡើងដោយរបៀបណា និងផ្អែមល្ហែមដល់កម្រិតណា សូមចូលរួម Like និង Share ឲ្យបានច្រើនៗ កុំភ្លេចប្រាប់មិត្ដភក្ដិឲ្យបានជ្រាបពីព័ត៌មាននេះគ្រប់ៗគ្នា ផងណា!»។
ក្នុង Page ដដែល បានសរសេរបន្ថែមទៀតថា «មួយគូនេះ (សុខ ពិសី និងខេមរៈ សិរីមន្ត) បើថា សម្ដែងបទកំសត់វិញ គឺអ្នកទស្សនាហូរទឹកភ្នែក ដោយមិនដឹងខ្លួន។ បើសម្ដែងផ្អែមល្ហែមវិញ មិនថាអ្នកទស្សនា និងអ្នកគាំទ្រពួកគាត់ទាំងពីរអ្នក ដឹងតែឡើងជាតិស្ករម៉ង។ admin សូមធានាថា សាច់រឿងនេះពិតជាប្លែក និងកក្រើកប្រចាំឆ្នាំនេះ!»។
បន្ទាប់ពីមានការប្រកាសបែបនេះភ្លាម គេសង្កេតឃើញអ្នកគាំទ្រក្នុងបណ្ដាញសង្គម ដ៏ពេញនិយមមួយនេះ បានបញ្ចេញមតិចង់ស្ដាប់ និងទស្សនាយ៉ាងអន្ទះសារ ដោយអ្នកគាំទ្រទាំងនោះ ថែមទាំងបានជម្រុញឲ្យផលិតកម្ម សាន់ដេ ចេញផ្សាយឲ្យបានឆាប់ ព្រោះកំពូលតារាចម្រៀង ទាំងពីរដួងនេះ ជា Idol របស់ពួកគេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី