(ម៉ូស្គូ)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ កងកម្លាំងនៃកងអង្គភាពការពារដែនអាកាសរបស់រុស្ស៊ី នឹងធ្វើការបាញ់មីស៊ីលប្រភេទប្រឆាំងយន្តហោះចម្បាំងប្រមាណ ៥០០គ្រាប់ នៅក្នុងសមយុទ្ធទ្រង់ទ្រាយដ៏ធំៗថ្មីមួយ ដែលចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងតំបន់ស៊ីប៊ែរី ភាគខាងកើតប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោកឧត្តមសេនីយ៍ Alexander Gordeev អ្នកនាំពាក្យនៃទីបញ្ជាការយោធាភាគកើតរុស្ស៊ី សមយុទ្ធខ្នាតធំខាងលើនឹងមានការប្រើប្រាស់ ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងទំនើបៗ និងពោរពេញដោយអានុភាពដូចជា S-400, S-300, Tor, Osa, Strela-10 និង Pantsir-S រួមទាំងកាំភ្លើងយន្តប្រឆាំងយន្តហោះចម្បាំងមួយចំនួនផ្សេងទៀត។
លោក Gordeev បានថ្លែងថា «កងអង្គភាពការពារដែនអាកាស នឹងចាប់ផ្តើមធ្វើការអនុវត្តន៍ដោយការហ្វឹកហាត់ចាប់សញ្ញា និងតាមដាន ក៏ដូចជាកត់សម្គាល់ ព្រមទាំងកម្ទេចចោលគោលដៅមីស៊ីលតូចៗ ដែលមានល្បឿនយ៉ាងលឿន។ មីស៊ីលធម្មតាប្រហែល ២៥០គ្រាប់ រួមជាមួយមីស៊ីលប្រដេញចំនួនពីរគ្រាប់ នឹងត្រូវប្រើប្រាស់ដើម្បីធ្វើជាការវាយលុកតាមផ្លូវអាកាសរបស់សត្រូវ ហើយមីស៊ីលប្រឆាំងយន្តហោះចម្បាំងប្រមាណ ៥០០គ្រាប់ នឹងត្រូវប្រើប្រាស់ដើម្បីកម្ទេចពួកវា»។
គួរបញ្ជាក់ថាពលទាហានសុរបចំនួន ៨,០០០នាក់ ព្រមទាំងបរិក្ខាយោធាជាង ១,០០០គ្រឿង នឹងចូលរួមនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំថ្មីនេះរបស់ប្រទេសរុស្ស៊ី ខណៈនាពេលថ្មីៗនេះក៏មានសេចក្តីរាយការណ៍ផងដែរថា កងនាវាចម្បាំងប្រឆាំងនាវាមុជទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ីបានទៅចូលរួមសមយុទ្ធយោធាជើងទឹក នៅដែនសមុទ្រជប៉ុន៕
ប្រភព ៖sputniknews