(ហូជីមីញ)៖ សមត្ថកិច្ចប្រចាំខេត្ត Ba Ria Vung Tau ភាគខាងត្បូងប្រទេសវៀតណាម បានរកឃើញឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នៅថ្ងៃអង្គារ រួមជាមួយនិងសាកសពរបស់មន្រ្តីយោធាវៀតណាម ចំនួនបីរូបដែលបានធ្វើដំណើរនៅលើនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
សារព័ត៌មាន VnExpress បានធ្វើសេចក្តីរាយការណ៍ថា ឧទ្ធម្ភាគចក្រយោធាធុនតូច EC 130 មួយគ្រឿង ត្រូវបានគេរកឃើញនៅជ្រលងភ្នំ Bao Quan ក្នុងតំបន់ Tan Thanh ភាគខាងត្បូង នៃប្រទេសវៀតណាម រីឯជនរងគ្រោះទាំងបីនាក់នោះរួមមាន លោកវរសេនីយ៍ Duong Le Minh ដែលជាពីឡុត ព្រមទាំងលោកអនុសេនីយ៍ Dang Dinh Dung និងលោកអនុសេនីយ៍ Nguyen Van Tung ដែលជាអ្នកហាត់រៀន។
គួរបញ្ជាក់ដែរថា ឧទ្ធម្ភាគចក្រខាងលើ បានធ្លាក់នៅអំឡុងពេល កំពុងធ្វើការហោះហើរហ្វឹកហ្វឺន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី