(ញូវយ៉ក)៖ សហព័ន្ធកីឡាបាល់ទាត់អាមេរិក បានសម្រេចតែងតាំងគ្រូបង្វឹកថ្មីលោក Bruce Arena ដើម្បីដឹកក្រុមឈុតធំបន្ត ជំនួសកៅអីលោក Jurgen Klinsmann ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារតែដឹកនាំអន់ពេក។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងនៅថ្ងៃនេះថា នេះជាលើកទី២ហើយ សម្រាប់គ្រូបង្វឹកជនជាតិអាមេរិក ក្នុងការចូលមកកាន់តំណែងធំក្នុងក្រុមជម្រើសជាតិអាមេរិក ដែលនឹងត្រូវលាឈប់ពីការដឹកនាំក្លឹបអាជីព LA Galaxy នាពេលថ្មីៗនេះ។
បុរសវ័យ៦៥ឆ្នាំ Arena ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអាមេរិក ឡើងមកដល់វគ្គ៨ក្រុមចុងក្រោយកាលពី World Cup 2002 នៅកូរ៉េខាងត្បូង និងជប៉ុន គិតចាប់តាំងពីឆ្នាំ១៩៣០មក ហើយក៏ធ្លាប់ដឹកនាំជម្រើសជាតិអាមេរិកឈ្នះ ៧១ប្រកួត ក្នុងចំណោមប្រកួតសរុប១៣០ដង ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ ផងដែរ ជាមួយនឹងការដឹកនាំក្លឹប អាជីពឈ្នះពានលីគកំពូលអាមេរិក MLS បាន៥ដងទៀតផងក្នុងក្លឹប LA Galaxy។
លោក Arena នឹងចូលតំណែងជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ហើយ១ប្រកួតដំបូងរបស់គាត់ គឺដឹកនាំជម្រើសជាតិអាមេរិក ប្រកួតទល់នឹងក្រុមភ្ញៀវហុងឌុយរ៉ាស់ នៃវគ្គជម្រុះ World Cup 2018 នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៧ ខាងមុខ ដើម្បីប្រជែងយកកៅអីទៅប្រទេសរុស្ស៊ី៕
លោក Bruce Arena
លោក Jurgen Klinsmann
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង