CamNews

ព័ត៌មានអន្តរជាតិ 

ព្រហើន, កូរ៉េខាងជើង នឹងបំផ្ទុះនុយក្លេអ៊ែរ ក្នុងពេលឆាប់ៗដើម្បីស្វាគមន៍ លោក Trump ស្បថចូលកាន់តំណែង

(សេអ៊ូល)៖ កូរ៉េខាងជើង​អាចនឹងធ្វើសកម្មភាព​បង្ករឿង តាមរយៈការបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលផ្លោង​នៅចុងខែធ្នូនេះ ឬក៏នៅដើមខែមករា​ខាងមុខ ដើម្បីបង្ហាញអំពីសមត្ថភាពនុយក្លេអ៊ែរ និង​មីស៊ីលរបស់ខ្លួនទុក​ជាសារព្រមានដល់រដ្ឋាភិបាលថ្មី​ របស់អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមរបាយការណ៍​ នៃវិទ្យាស្ថានសិក្សានយោបាយ​កូរ៉េខាងត្បូង​ អាស៊ាន (Asan) ដែលចេញ​ផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍វិទ្យាស្ថាន អាស៊ាន កូរ៉េខាងជើងទំនងជា​អាចបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ ឬមីស៊ីលនៅមុនលោក ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ហើយដែល​សកម្មភាពនេះអាចនឹង​បង្ហាញពីបរាជ័យ នៃគោលនយោបាយអត់ធ្មត់​របស់ លោក បារ៉ាក់ អូបាម៉ា ក៏ប៉ុន្តែវា​នឹង​មិនបង្កការរំខានដល់​រដ្ឋាភិបាលអាមេរិកថ្មី​នោះទេ ត្បិតអីបើតាមអ្នកជំនាញ លោក ត្រាំ បានត្រៀមខ្លួនរួចរាល់​ហើយ​ក្នុងការបន្តការដាក់សម្ពាធ និងទណ្ឌកម្មប្រឆំាង​នឹងកូរ៉េខាងជើង ដែលអាចនឹងធ្វើការចរចា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ​នៅពេលសមត្ថភាព​នុយក្លេអ៊ែរ របស់ខ្លួនឈានដល់​កំរិតកំពូល។

គួរបញ្ជាក់ថា​បើតាមរបាយការណ៍​របស់វិទ្យាស្ថាន Asan នៅក្នុងករណី​ដែលកូរ៉េខាងជើង ចេះតែធ្វើ​សកម្មភាព​បង្ក​រឿងកាន់តែខ្លំាង នៅក្រោមរដ្ឋាភិបាល លោក ដូណាល់ ត្រាំ នោះសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់​វិធានការ​យោធា​ដាក់សម្ពាធលើរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង។ ទោះបីជាយ៉ាងណាមនុស្ស​ភាគច្រើនសុទ្ធតែ​ដឹងថាកូរ៉េខាងជើង​ ជាសម្ព័ន្ធមិត្តរបស់ចិន​​ដូច្នេះការប្រើកម្លាំងយោធា មុខជានឹងជំរុញឱ្យចិន​ចេញមុខ​ធ្វើអន្តរាគមន៍​ដូចដែលខ្លួនធ្លាប់បាន​ធ្វើនៅអំឡុង​សម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)៕



ប្រភព ៖ យ៉ុនហាប់


Tags: north korea south korea missile satellite