CamNews

ព័ត៌មានជាតិ 

ក្រសួងគ្រោងនឹងបើកសាលាបង្រៀនបើកបររថយន្តដឹកទំនិញ

សមាគមន៍ដឹកជញ្ជូនកម្ពុជាបានស្នើរទៅក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីបើកសាលាបណ្តុះបណ្តាលដល់អ្នកបើកឡានដឹកទំនិញធន់ធ្ងន់ដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កាលពីម្សិលមិញ ក្រសួងបានរៀបចំសិក្ខាសាលាមួយស្តីអំពីរបាយការណ៍ប្រចាំឆ្នាំ ២០១៧ និងផែនការសម្រាប់ឆ្នាំ ២០១៨។

លោក ឈឹម​ សុខន ជាប្រធានក្រុមហ៊ុន Camta បានលើកឡើងនៅក្នុងសិក្ខាសាលាថា ប្រទេសកម្ពុជាខ្វះអ្នកបើកឡានដឹកទំនិញធន់ធ្ងន់ជាច្រើន ហើយសព្វថ្ងៃមានតែសាលាបង្រៀនបើកបររថយន្តធន់ស្រាល និងឡានក្រុងតែប៉ុណ្ណោះ ។


លោកបានមានប្រសាសន៍បន្ថែមទៀតថា ខាងសមាគមន៍បានដាក់ស្នើរទៅក្រសួងសាធារណការដើម្បីជួយបង្កើតសាលាបណ្តុះបណ្តាលអ្នកបើករថយន្តធន់ធ្ងន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាសព្វថ្ងៃពិបាកក្នុងការស្វែងរកអ្នកបើកបររថយន្តធុនធ្ងន់ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវណាស់។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបានទទួលយកការផ្តល់យោបល់របស់ក្រុមហ៊ុន Camta ហើយឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងនឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅប្រទេសថៃនៅចុងខែមករានេះដើម្បីសិក្សាពីសាលារៀនបណ្តុះបណ្តាលរបស់ពួកគេ។

ឯកឧត្តមបានបន្តទៀតថា ការបញ្ជូននេះក្នុងគោលបំណងត្រួតពិនិត្យ និងសិក្សាអំពីស្ថានភាពរបស់សាលាបង្រៀនបើកបររថយន្តធន់ធ្ងន់នៅទីនោះដើម្បីពិចារណាទៅលើការបើកសាលាក្នុងប្រទេសកម្ពុជា។ អ្វីដែលយើងត្រូវការនោះគឺ អ្នកដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីជៀសវៀងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសរបស់យើង។ ក្រសួង ក៏បានគ្រោងក្នុងការបំពាក់ឧបករណ៍ GPS នៅក្នុងរថយន្តធន់ធ្ងន់ទាំងអស់ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យទម្ងន់របស់រថយន្តផងដែរ។ ប្រសិនបើយើងអាចបំពាក់បច្ចេកវិទ្យា GPS នេះបាន នោះយើងពុំចាំបាច់មានស្ថានីយថ្លឹងរថយន្តដើម្បីត្រួតពិនិត្យទៀតទេ។ ទិន្នន័យទាំងអស់នឹងផ្ញើមកក្រសួង ឲ្យតែរថយន្តទាំងនោះធ្វើដំណើរនៅលើដងវិធី។ បញ្ហានេះ គឺអាចបញ្ជៀសការខូចខាតផ្លូវដោយសារតែការដឹកលើសចំណុះរបស់រថយន្តទាំងនោះ។


យោងតាមរបាយការណ៍របស់ក្រសួងបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៧ មានរថយន្តដឹកទំនិញប្រមាណ ២,៦៤៦ គ្រឿងបានដឹកលើសចំណុះ ហើយត្រូវបានផាកពិន័យជាទឹកប្រាក់ជិត ១.៣លានដុល្លារ។

កាលពីឆ្នាំកន្លងទៅនេះ យើងបានសង្កេតឃើញថាមានរថយន្តចំនួន ៤,១៦៧,៨៨៤ គ្រឿងបានមកចុះបញ្ជីនៅក្រសួង ក្នុងនោះរួមមានម៉ូតូចំនួន ៣,៥៦០,៥៦៣ គ្រឿង និងរថយន្តប្រមាណ ៦០៧,៣២១ គ្រឿង ហើយក្រសួងក៏បានផ្តល់ប័ណ្ណបើកបរចំនួន ១,២៣១,៧១៦ ផងដែរ ៕


ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ KhmerTimes


Tags: Local news Social news