(ភ្នំពេញ)៖ បន្ទាប់ពីទទួលសារគំរាមពីសំណាក់កីឡាករថៃ Iquezang Kor Rungthanakeat ថា “នឹងផ្ដួល កែវ រំចង់ ឲ្យសន្លប់រកផ្លូវមកផ្ទះវិញមិនឃើញកាល ពីពេលថ្មីៗកន្លងទៅ ឥឡូវនេះអ្នកលេងក្បាច់គុនបុរាណខ្មែរ កែវ រំចង់ បានផ្ញើសារតបវិញថា «កុំអួតពេក បើកូនប្រុស កុំរត់ឲ្យសោះ អាពៅ Iquezang» ។
សារឆ្លើយឆ្លងនេះ ត្រូវបានកីឡាករជើងខ្លាំងកម្ពុជា កែវ រំចង់ សរសេរបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួន កាលពីម្សិលមិញ បន្ទាប់ពីពួកគេថ្លឹងទម្ងន់ត្រៀមប្រកួតសងសឹកគ្នា នៅក្នុងកម្មវិធី Thai-Fight លើទឹកដីថៃ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះ ។
កែវ រំចង់ បានសរសេរបែបឌឺដងថា «មើលមុខ Iquezang កំពុងតែភ័យហើយបងប្អូន គេនិយាយផង ភ័យផង មុខឡើងស្លេកស្លាំងអស់ហើយ ។ កុំអួតពេកចាំថ្ងៃទី៣១ ខែធ្នូខាងមុខ ដឹងគ្នាហើយ ហើយមួយទៀតកុំរត់ដូច Floyd បានហើយ ។ បើកូនប្រុសកុំរត់ឲ្យសោះ អាពៅ Iquezang»។
នេះជាសារមួយ ដែលអ្នកលេងចិត្តសឿង កែវ រំចង់ ចង់ប្រាប់ទៅ Iquezang ថា ខ្លួនមិនញញើតនឹងការសងសឹក ដើម្បីស្ដារមុខមាត់នេះឡើយ ព្រោះកាលពីជួបគ្នាលើកទី១ នៅលើទឹកដីវៀតណាម កីឡាករថៃរូបនេះ បានត្រឹមវាយរត់ៗ ដូច Floyd ប៉ុណ្ណោះ ។
ចំណែកកីឡាករ Iquezang កាលពីពេលថ្មីៗកន្លងទៅ បានបង្ហោះវីដេអូមួយ ដោយនិយាយថា «ខ្ញុំនឹងធ្វើឲ្យប្រជាជនថៃគ្រប់រូបកាន់តែសប្បាយចិត្ត នៅថ្ងៃទី៣១ ខែធ្នូខាងមុខ ហើយខ្ញុំចង់ប្រាប់ កែវ រំចង់ ថា អ្នកនឹងសោកស្ដាយដែលមានខ្ញុំជាដៃគូ ហើយខ្ញុំនឹងផ្ដួលអ្នកឲ្យសន្លប់ធំ ហើយរកផ្លូវមកផ្ទះវិញមិនកើត» ។
ប៉ុន្ដែយ៉ាងណានេះគ្រាន់តែជាការឌឺដងប៉ុណ្ណោះ សំខាន់នៅថ្ងៃទី៣១ ខែធ្នូសប្ដាហ៍ក្រោនេះ មន្ទិលសង្ស័យទាំងអស់ នឹងត្រូវបញ្ចប់ ព្រោះកីឡាករជើងខ្លាំងតំណាងប្រទេសទាំងពីរ សុទ្ធតែត្រៀមខ្លួនយ៉ាងល្អ នៅក្នុងជំនួបសងសឹកនេះ ។
គួររំឮកថា កាលពីជួបគ្នាលើកទី១ កែវ រំចង់ មិនពេញចិត្តចំពោះលទ្ធផលកាត់សេចក្ដីឲ្យចាញ់ពិន្ទុកីឡាករ Iquezang ឡើយ ហេតុនេះហើយ ទើបអ្នករៀចបំកម្មវិធី Thai-Fight ផ្គូផ្គងឲ្យអ្នកទាំងពីរជួបគ្នាម្ដងទៀត ដើម្បីជម្រះមន្ទិលសង្ស័យ ៕
កែវ រំចង់ (ស្តាំ)
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី