(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួននឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីធានាឲ្យបាន នូវការដោះលែងអ្នកកាសែតជប៉ុនម្នាក់ ដែលត្រូវបានក្រុមភេរវករ អាលកៃដា ចាប់ជម្រិតនៅក្នុងប្រទេសស៊ីរី ប្រកបដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។
ការថ្លែងរបស់រដ្ឋាភិបាល ជប៉ុនខាងលើនេះ បានកើតឡើងបន្ទាប់ពីរូបភាព មួយសន្លឹករបស់អ្នកកាសែត ជប៉ុនឈ្មោះ Jumpei Yasuda ឈរកាន់ផ្ទាំងក្រដាសពណ៌សមួយ ដែលសរសេរអក្សរជប៉ុនពណ៌ខ្មៅ នៅលើនោះ មានន័យស្នើសុំយ៉ាងទទូច ឲ្យរដ្ឋាភិបាលជួយរំដោះខ្លួនលោក ចេញពីចំណាប់ខ្មាំងវិញ។ អត្ថន័យរបស់ Yasuda នោះត្រូវបានបកប្រែដូច្នេះថា «សូមជួយខ្ញុំផង! នេះជាឱកាសចុងក្រោយ របស់ខ្ញុំហើយ»។
គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Yasuda បានបង្កការភ្ញាក់ផ្អើល និងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង កាលពីខែមីនា ដោយពីដំបូងលោកបានត្រូវបាន ក្រុមភេរវករថតវីដេអូ ដែលលោកអង្គុយអានសារមួយ រួចផ្ញើទៅកាន់គ្រួសារ និងរដ្ឋាភិបាលជប៉ុន។ តាមពិតទៅលោកត្រូវបានភេរវករ ចាប់ខ្លួនតាំងពីខែមិថុនា ឆ្នាំ ២០១៥ មកម្ល៉េះ បន្ទាប់ពីបានឆ្លងដែនពីតួកគី ចូលមកកាន់ស៊ីរី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង