CamNews

សម្លាប់មនុស្សយកគ្រឿងក្នុង ជាការពិតឬ?

កាលពីពេលថ្នីៗនេះយើងឃើញមានការលេចឮព័ត៌មានតៗគ្នាមួយដែលយុវវ័យខ្មែរដែលនិយម
ចូលចិត្តលេង Facebook បានបញ្ជូនព័ត៌មាននេះតៗគ្នាពីម្នាក់ទៅម្នាក់។ ព័ត៌មានជាការដាស់តឿន
អោយមានការប្រុងប្រយ័ត្នចំពោះមនុស្សប្លែកមុខ ដែលអាចនឹងចាប់មនុស្សទៅវះយកក្រលៀន
និងថ្លើម ហើយញ៉ាត់ប្រាក់ចូលទៅក្នុងពោះវិញជាថ្នូរ។

សារដែលគេបញ្ជូនតៗគ្នានៅលើ Facebook

យើងឃើញមានការបញ្ជូនព័ត៌មានតៗគ្នានេះបានចាប់ផ្ដើមក្លាយជាប្រធានបទក្ដៅមួយតាំងពីដើម
សប្ដាហ៍មុនមកម្លេះ ដើមឡើយពុំសូវជាមានមនុស្សជឿជាក់ទៅលើរឿងនេះនោះទេក៏ប៉ុន្តែក្រោយ
ពេលដែលកសារព័ត៌មាន កោះសន្តិភាព បានចេញផ្សាយលេខ ៧៦១៦ ចេញផ្សាយថ្ងៃពុធ ទី ១១
កក្កដា ២០១២ កន្លងមកនេះដែលគេឃើញមានអត្ថបទមួយដែលដាក់ចំណងជើងថា "ស្រ្តីម៉េម៉ាយ
ត្រូវឃាតករសម្លាប់ហើយវះពោះ អ្នកភូមិផ្អើលថាជនមិនស្គាល់មុខសម្លាប់យកថ្លើម និងក្រលៀន"
ស្រ្តីរងគ្រោះជាអ្នកស្រុកបន្ទាយមាស ខែត្រកំពតត្រូវបានគេវះពោះសម្លាប់ តែបើតាមលទ្ធផលពី
កោសល្យវិច័យបានអោយដឹងថា មិនមែនស្លាប់វះយកថ្លើម និងក្រលៀននោះទេ។

ជនរងគ្រោះស្លាប់ដោយសារឃាតករវះពោះនៅខែត្រកំពត

ក្រោយពេលដែលមានការចេញផ្សាយព័ត៌មាននេះ រឿងហេតុវាស្រដៀងទៅនឹងព័ត៌មានដែលត្រូវ
បានគេបញ្ជូនតៗគ្នានៅក្នុង Facebook ហេតុនេះហើយបានជាបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាង
ខ្លាំងដោយមួយចំនួនគិតថាព័ត៌មានដែលគេបញ្ជូនតៗគ្នាលើ Facebook នោះអាចជាការពិត។ ជា
មួយគ្នានេះ គេក៏សង្កេតឃើញមានមាតិជំទាស់លើព័ត៌មានដែលបញ្ជូនតៗគ្នានេះផងដែរដោយគេ
គិតថាវាអាចជាការបំប៉ោងព័ត៌មានមិនពិតកើតចេញពី មនុស្សម្នាក់ដែលបញ្ជូនព័ត៌មាននេះនៅលើ
Facebook ដើម្បីអោយមនុស្សម្នាដទៃទៀតគេស្គាល់ខ្លួនថាជាមនុស្សល្បី តែការពិតដែលអ្នកទាំង
អស់គ្នាដឹងចំពោះបញ្ហាព័ត៌មានដែលបញ្ជូនតៗគ្នានេះគឺ វាគ្មានប្រភពច្បាស់លាស់ គ្រាន់តែជារឿង
ដែលផ្អើលតៗគ្នាប៉ុណ្ណោះ។

ឧត្តម ជានិស្សិតសាលវិទ្យាល័យភូមិន្ននីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញគណនេយ្យឆ្នាំ
ទី ២ និងជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ជំនាញទំនាក់ទំនងអន្តរជាតិ ឆ្នាំទី ២ ផង
ដែរនោះបានមានមតិផ្ទាល់ខ្លួនជុំវិញបញ្ហាពាក្យចចាមអារ៉ាមនេះថា "សម្រាប់ខ្ញុំជានិស្សិត ហើយ
ក៏ជាយុវជនខ្មែរម្នាក់ដែលប្រើប្រាស់ Facebook ដូចគ្នា ខ្ញុំក៏បានទទួលពត៌មានថាមានមនុស្សប្លែក
មុខចេញសកម្មភាពចាប់ មនុស្សវះយកគ្រឿងក្នុងនេះដែរ តែសម្រាប់គំនិតខ្ញុំពីដើមឡើយ ខ្ញុំគិតថា
ប្រហែលជាមានមនុស្សម្នាក់ដែលប្រើប្រាស់ Facebook ដូចគ្នាចង់តាំងខ្លួនអោយអ្នកដទៃស្គាល់
ហើយប្រឌិតរឿងផ្សេងៗ ប៉ុន្តែក្រោយពីថ្ងៃម្សិលមិញនេះ ក្រោយពេលដែលខ្ញុំបានមើលកាសែត
ក្នុងស្រុកមួយអំពីព័ត៌មានដែលមានស្រ្តីម្នាក់ស្លាប់ដោយសារឃាតករសម្លាប់ដោយវះពោះនោះគឺ
ខ្ញុំគិតថាវាពិតជាជួនគ្នាមែនទែនចំពោះរឿងទាំង ២ នេះ ដូចនេះហើយសម្រាប់ខ្ញុំ ខ្ញុំមិនហ៊ានអះ
អាងទេថាវាជាការពិត ឬយ៉ាងណាក៏ប៉ុន្តែយើងក៏ធ្លាប់បានឮ បញ្ហាដូចគ្នានេះមកដែរកាលពីជំនាន់
ឆ្នាំ ១៩៨០ នេះបើតាមឪពុកម្ដាយរបស់ខ្ញុំបានប្រាប់ ដូចនេះហើយសម្រាប់គំនិតខ្ញុំគិតថាគួរណាតែ
ប្រយ័ត្នបន្តិចទៅ ជាពិសេសគឺអ្នកដែលចេញដើរយប់ ខ្ញុំមិននិយាយថាវាជាការពិតនោះទេ ក៏ប៉ុន្តែ
បើយើងមានស្មារតីប្រុងប្រយ័ត្នក៏វាល្អជាជាង យើងមិនប្រយ័ត្ននោះដែរ"។

ចំពោះបញ្ហានេះយើងមិនទាន់មានតម្រុយថ្មីនោះទេ ព្រោះបញ្ហាវះពោះសម្លាប់នៅខែត្រកំពតត្រូវ
បានសមត្ថកិច្ចរាយការណ៍ថាមិនមែនសម្លាប់យកគ្រឿងក្នុងនោះទេ ហើយសម្ដីខាងលើនេះគ្រាន់
ជាសម្ដីយុវនិស្សិតខ្មែរ ដែលប្រើប្រាស់ Facebook មួយរូបប៉ុណ្ណោះ សល់ទាំងប៉ុន្មានទុកជាប្រធាន
បទជូនអ្នកអានគិតពិចារណា លោកអ្នកអាចទុកមតិជាគំនិតរបស់លោកអ្នកជុំវិញបញ្ហានេះនៅក្នុង
ប្រអប់បញ្ចេញមតិខាងក្រោមនេះ៕

ដោយ៖ នីតា


Tags: rumor killing cambodia facebook