(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនបានរកឃើញ ការឆ្លងវីរុស Zika ចំនួន ៥ករណីថ្មីបន្ថែមទៀត ដែលនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទំាងប្រទេស កើនឡើងដល់២៨ករណី ខណៈករណីទារកអាយុ៤ខែម្នាក់ បានកើតមកមានក្បាលតូចខុសពីធម្មតា ដែលមានជាប់ពាក់ព័ន្ធយ៉ាងខ្លំាងនឹងវីរុស Zika ក៏ត្រូវបានគេរាយការណ៍ផងដែរកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមនាយកដ្ឋានសុខាភិបាលទីក្រុង Ho Chi Minh ករណីឆ្លងទំាងអស់ខាងលើត្រូវបានគេរកឃើញ នៅក្នុងទីក្រុង Ho Chi Minh តែម្ដងដោយធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ២២ករណី។ ចំណែកឯករណី ឆ្លងផ្សេងទៀតក៏ធ្លាប់ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Phu Yen, Khanh Hoa, Binh Duong, Long An និង Dak Lak ។
គួរបញ្ជាក់ថានៅពេលបច្ចុប្បន្ន វីរុស Zika បាននិងកំពុងរាតត្បាត នៅក្នុងប្រទេសនិងដែនដីចំនួន៦០ ចាប់តំាងពីវីរុសនេះ រីករាលដាលខ្លំាងកាលពីឆ្នាំ២០១៥ នៅប្រទេសប្រេស៊ីលជាទីដែលទារកកើតមក មានក្បាលតូចខុសពីធម្មតាមានជាង ១,៩០០ករណី។ ដោយឡែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី និងថៃ គឺជាប្រទេសដែលមានករណីឆ្លងវីរុស Zika ច្រើនជាងគេបំផុតដល់ទៅជាង ៨០០ ករណីក្នុងមានទំាងស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង