យល់ដឹង ៖ ក្នុងអំឡុងពេលស្វែងរកទិញផ្ទះ សម្រាប់ធ្វើជាលំនៅឋានថ្មីរបស់អ្នក វាមិនគ្រាន់តែជារឿងសំខាន់ ក្នុងការជ្រើសរើសយកផ្ទះ ដែលមានហុងស៊ុយល្អ ដោយការសម្លឹងមើលផ្ទៃខាងក្នុង តួយ៉ាងដូចជា បន្ទប់គេង ផ្ទះបាយ ឬបរិវេណផ្សេងទៀតប៉ុណ្ណោះទេ វាក៏ជាប្រការសំខាន់ផងដែរ ក្នុងការជ្រើសរើសគេហដ្ឋាន ដែលមានផ្នែកខាងក្រៅប្រកបដោយហុងស៊ុយល្អ។ ខ្ញុំអាចនិយាយបានថា វាជារឿងកាន់តែសំខាន់ថែមទៀត ដោយសារតែអ្នក អាចធ្វើការផ្លាស់ប្តូរកែប្រែ បានតែផ្ទៃខាងក្នុងផ្ទះរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែមិនអាចធ្វើការកែប្រែផ្លាស់ប្ដូរផ្នែកខាងក្រៅបានឡើយ ជាតួយ៉ាង ប្រសិនបើអ្នករស់នៅក្បែរវត្ដអារាមមួយ ដែលអ្នកមិនអាចរំកិលវាចេញបាន ដូច្នេះនៅក្នុងអត្ថបទថ្ងៃនេះ ខ្ញុំនឹងចែករំលែក ជាមួយលោកអ្នក ស្ដីពីហុងស៊ុយផ្នែកខាងក្រៅគេហដ្ឋាន ដែលអ្នកគួរតែកត់ចំណាំ ដោយមានអម ដោយឧទាហរណ៍ងាយស្រួលយល់។
១. ផ្នែកខាងក្រោយផ្ទះ មិនត្រូវបែរ ទៅរកចំណោតភ្នំនោះទេ
វាគឺជាជំនឿដ៏សាមញ្ញមួយដែលថា វាជាហុងសុយល្អ សម្រាប់គេហដ្ឋាន ដែលបែរមុខទៅរកសមុទ្រ ឬទឹក ហើយផ្នែកខាងក្រោយផ្ទះបែរទៅរកភ្នំ (នេះមានន័យថា អ្នកមានវត្ថុសម្រាប់គាំទ្រ និងទប់លំនឹង) ។ មែនហើយ វាគឺជាការពិត ប៉ុន្តែអ្នកគួរតែ ជ្រើសរើសយកភ្នំ ដែលមានចំណោតខ្លាំង ព្រោះវានឹងមានឥទ្ធិពល ទៅលើសុវត្ថិភាពនៃសមាជិកក្រុមគ្រួសាររបស់អ្នក។
២. ទ្វារខាងមុខ មិនគួរបែរមុខទៅរកស្ពានកាត់ជ្រលងភ្នំ ឬផ្លូវហាយវេឡើយ
ប្រសិនបើ ទ្វារធំនៃគេហដ្ឋានរបស់អ្នក បែរមុខទៅរក ស្ពានកាត់ជ្រលងភ្នំ ឬផ្លូវហាយវេ វានឹងបាំងពន្លឺព្រះអាទិត្យ មិនឱ្យចាំងចូល ទៅក្នុងគេហដ្ឋានរបស់អ្នក ព្រមទាំងបាំងភ្នែករបស់អ្នក មិនឱ្យមើលឃើញពន្លឺព្រះអាទិត្យទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បង្ហាញនូវភាពឯកជនរបស់អ្នក ទៅដល់មនុស្ស ដែលធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ ហើយវានឹងធ្វើឱ្យមនុស្ស មានអារម្មណ៍ថា គ្មានសុវត្ថិភាព ដូច្នេះយកល្អអ្នកគួរជៀសវាង កុំទិញគេហដ្ឋានប្រភេទនេះ។
៣. ជៀសវាងទិញផ្ទះ ដែលទ្វារខាងមុខ បែរដោយផ្ទាល់ ទៅរកដើមឈើ ឬបង្គោលភ្លើងធំៗ
ប្រសិនបើអ្នកបានបោះជំហានចេញពីផ្ទះរបស់អ្នក ហើយឃើញវត្ថុធំៗ ដូចជា បង្គោលភ្លើង ឬដើមឈើធំៗ បាំងផ្លូវរបស់អ្នក នោះវានឹងនាំឱ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្ត ព្រមទាំងចេះតែចង់គិតថា ខ្លួនឯងមានឧបសគ្គ ក្នុងជីវិត ឬក្នុងអាជីពការងារ។
៤. កុំរស់នៅ ជិតស្ថានីយ៍ប៉ូលិស
ប្រសិនបើអ្នក កំពុងតែប្រឈមនឹងស្ថានភាពបែបនេះ វាងាយនឹងធ្វើឱ្យអ្នកធ្លាក់ចូល ទៅក្នុងរឿងក្ដីក្ដាំ ព្រមទាំងប៉ះពាល់ដល់ អាជីពការងាររបស់អ្នកផងដែរ។
៥. កុំរស់នៅជិតវត្ដអារាម ឬព្រះវិហារ
វត្ដអារាម ឬព្រះវិហារ គឺជាកន្លែងសម្រាប់គោរពបូជា ហើយមនុស្សម្នា នឹងលត់ជង្គង់ថ្វាយបង្គំបួងសួង ដល់ព្រះជាម្ចាស់។ គ្រាន់តែស្រមៃថា គេហដ្ឋានរបស់អ្នកនៅពីក្រោយព្រះវិហារនោះ អ្នកក៏គិតបានថា វាហាក់ដូចជាមនុស្សកំពុងតែសំពះបួងសួងដល់អ្នកអ៊ីចឹងដែរ។ វានឹងជះឥទ្ធិពល ដល់លាភសំណាងខាងទ្រព្យសម្បត្តិរបស់អ្នក។ លើសពីនេះទៀត នៅលើកំពូលព្រះវិហារ ហាក់ដូចជាមានព្រួញដ៏មុតស្រួច ដែលតម្រង់ទៅផ្ទះរបស់អ្នក ដែលបង្កើតបានជាថាមពលអវិជ្ជមាន។
៦. ជៀសវាងទិញផ្ទះ នៅជិតកន្លែងបញ្ចុះសព
ផ្នូរបញ្ចុះសព គឺជាកន្លែងដែលប្រមូលថាមពលអាក្រក់(អវិជ្ជមាន) ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស ដូច្នេះវាអាចនឹងបង្កឱ្យមាន បញ្ហាសុខភាព ប្រសិនបើអ្នករស់នៅជិតកន្លែងនោះ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព៖ fengshuibeginner