CamNews

កីឡាអន្តរជាតិ 

ស្រា ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ Euro 2016 នៅ​បារាំង

(ប៉ារីស)៖ ប៉ូលិស នឹងធ្វើការឃាត់ខ្លួន ឬមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងពហុកីឡដ្ឋានឡើយ ចំពោះអ្នកគាំទ្រណា ដែល ពិសាគ្រឿងស្រវឹង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្តើមនាខែក្រោយនេះហើយ ។

តាមរយៈសារព័ត៌មាន BBC បានផ្សាយឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ថា បម្រាមគោចរនេះនឹងត្រូវបានធ្វើឡើងនៅម៉ោង ៦៖០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ៦៖០០នាទីល្ងាច (ម៉ោងនៅប្រទេសបារាំង) ដែលជាម៉ោងធ្វើការ ប្រកួតនៅតាមពហុកីឡដ្ឋានទាំង ១០ក្នុងប្រទេសជាម្ចាស់ផ្ទះ ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតពីសំណាក់អាជ្ញាធរបារាំង និងការត្រួតពិនិត្យជាតិអាល់កុលនៅតាមដងផ្លូវ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​ទស្សនា​បាល់​ទាត់​ផង​ដែរ ។

ទន្ទឹមគ្នានោះ ទីក្រុង Lens របស់បារាំង ដែលជាទីក្រុងសំបូរទៅដោយប្រភពស្រា និងអ្នកគាំទ្រតែងតែផ្ទុះហិង្សានោះ គឺ​​ត្រូវ​​បាន​​រឹត​​បន្តឹង​​យ៉ាង​​តឹង​​តែង​​បំផុត​ថែម​​ទៀត​​ផង ជាពិសេសសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស និងជម្រើសវ៉េលតែម្តង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សេព​សុរា​នៅ​តាម​ដង​ផ្លូវ​នា​នា​ឡើយ​នៅ​ជុំ​វិញ​ទី​ក្រុង Lens ។

ជំនួយការសន្តិសុខជាតិបារាំងលោក Mark Roberts បានថ្លែងប្រាប់ BBC ថា »ការធ្វើបែបនេះ គឺដើម្បីបញ្ចៀសអំពើ​ហិង្សា​កើត​ឡើង​ពេល​កំពុង​ប្រកួត និង​ក្រោយ​ពេល​បញ្ចប់ការប្រកួត ដើម្បីរក្សាបានស្ថិរភាព ១០០% នៅ​ទូទាំង​ប្រទេស​បារាំង ជូន​អ្នក​គាំ​ទ្រ ថ្នាក់​ដឹក​នាំ និង​កីឡាករ​គ្រប់​រូប» ។

មន្រ្តីប៉ូលិសខាងលើដដែលបានបន្តថា តាមស្ថិតិពីការលក់សំបុត្រ អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសមានចំនួនច្រើនជាងគេរហូតដល់ទៅ ៥០ម៉ឹននាក់ និងកំពុងស្នើសុំបន្ថែមទៀត ដើម្បីឲ្យបាន ១.៦លានសន្លឹកឯណោះ ដោយសារពួកគេ មានជំនឿថា អង់គ្លេសនឹងឈ្នះពាន Euro 2016 ព្រោះជាក្រុមលេងល្អដាច់គេក្នុងវគ្គជម្រុះនាពេលកន្លងមក មិនដែល ចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូតទាំង១០ប្រកួតតែម្តង ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តង UEFA Euro 2016 លើកទី១៥ នឹងសម្ពោធបើកការ ប្រកួតជាផ្លូវការនៅថ្ងៃ​ទី​១០ មិថុនា និង​បញ្ចប់​ទៅ​វិញ​នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅកីឡដ្ឋានទាំង១០កន្លែង ក្នុង​ទីក្រុង​ចំនួន​១០ នៅ​ទូ​ទាំង​ប្រទេស​បារាំង ដោយ​មាន​២៤​ក្រុម​ជម្រើស​ជាតិ​ចូល​រួម ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016 France