(ហាណូយ)៖ អាជ្ញាធរវៀតណាម បានប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់មួយ ចំពោះទឹកជំនន់ដែលនឹងអាចកើតមានឡើង នៅភាគខាងជើងប្រទេស បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍មកថា ចរន្តទឹកហូរពីតំបន់ខ្ពង់រាបរបស់ប្រទេសចិន កំពុងតែសំដៅមកកាន់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦។
នៅរយៈពេល ៥ថ្ងៃមកនេះ ភ្លៀងបានបន្តធ្លាក់យ៉ាងសន្ធាប់ ទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសចិន ជាប់នឹងភាគខាង ជើងរបស់ប្រទេសវៀតណាម ហើយនៅក្នុងនោះដែរ អាជ្ញាធរវៀតណាមបានប្រកាសអាសន្ន ឲ្យប្រជាជនទាំងអស់មាន ការប្រុងប្រយ័ត្នទុកជាមុន ចំពោះទឹកជំនន់ ដែលនឹងអាចកើតមានឡើង ដូចជានៅខេត្ត Dien Bien, Ha Giang, Quang Ninh, Thai Nguyen, និង Tuoi Tre ជាដើម ដែលជាក់ស្តែងកម្រិតទឹកភ្លៀងក្នុងខេត្តទាំងនេះ គឺកើនឡើងពីចន្លោះ ១៨៥ មីលីម៉ែត្រទៅ ៦១៥ មីលីម៉ែត្រទៅហើយ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមមិនទាន់មាន ប្រជាជនណាម្នាក់រងគ្រោះ ដោយសារតែទឹកជំនន់នៅឡើយទេ ប៉ុន្តែបើយើងងាកទៅមកប្រទេសចិនវិញ មកដល់រសៀលថ្ងៃអង្គារនេះប្រជាជនជាង ១៨០នាក់ហើយបានបាត់បង់ជីវិត និង ១៩នាក់ទៀតបាត់ខ្លួន ខណៈអាកាសធាតុអាក្រក់ និងបន្តអូសបន្លាយប្រហែលជាពីរថ្ងៃទៀត នៅតំបន់ភាគកណ្តាល និងខាងត្បូងប្រទេស ដែលសំបូរគ្រោះធម្មជាតិជាងគេនេះ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង