CamNews

ចោរប្លន់ប្រដាប់អាវុធ ចាប់ផ្ដើមធ្វើសកម្មភាពជាថ្មី បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ចប់

កិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់មិនទាន់បានប៉ុន្មានថ្ងៃផង    ចោរប្លន់ប្រដាប់អាវុធក៏បានធ្វើ
សកម្មភាពជាថ្មី ដោយបានបាញ់ប្លន់ក្នុងបំណងយកម៉ូតូ ក្នុងករណីចំនួនពីរផ្សេងគ្នា ដែលអ្នក
រងគ្រោះម្នាក់ជាស្រីនៅខណ្ឌមានជ័យ និងម្នាក់ទៀតជាប្រុសនៅខណ្ឌ​សែន​សុខ។

ក្នុងករណីប្លន់នៅឯខណ្ឌមានជ័យ កើតឡើងនៅ​វេលា​ម៉ោង ៦ និង ៣០​នាទី ព្រលប់​ថ្ងៃទី​២១ ខែ
វិច្ឆិកា ឆ្នាំ​២០១២ នៅតាម​ផ្លូវលំ ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ នារីគ្រោះ
​ឈ្មោះ ឌន សា​វន អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ត្រូវ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ STR បាញ់​មួយ​គ្រាប់ ដើម្បី​ប្លន់​យក​ម៉ូតូ​ឃ្លី​ក​មួយគ្រឿង ប៉ុន្ដែ​មិន
បាន​សម្រេច។ ទោះយ៉ាងណា ក្រុមចោរ បានបាញ់នារីរង​គ្រោះ ឱ្យរបួសចំក្រោមស្មា ធ្លាយ​ទៅ​
ម្ខាង។ ចំណែក​ក្រុម​ជនសង្ស័យ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​មិនបាន​សម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់
ខ្លួន​បាន​ទាំងពីរ​នាក់​។

នារីគ្រោះ ​ឈ្មោះ ឌន សា​វន ត្រូវចោរបាញ់ចំក្រោមស្មា ធ្លាយ​ទៅ​ម្ខាង

រីឯ នៅក្នុងករណីប្លន់ប្រដាប់អាវុធទីពីរ កើតឡើងកាលពី​វេលា​ម៉ោង​១​   និង​២០​នាទី​រំលង​អធ្រាត្រ​
ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ឆ្នាំ​   ២០១២​ នៅ​ចំណុចដីឡូត៌មួយកន្លែង តាមបណ្តោយ​ផ្លូវ​សហព័ន្ធ
​រុ​ស្ស៊ី​ ទល់មុខរោងចក្រមិថុនា​ ឋិត​ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ក្រុម​ចោរ​មាន​    គ្នា​៦នាក់
ជិះ​ម៉ូតូ​៣​គ្រឿង បានបាញ់ទៅលើបុរសម្នាក់ មានឈ្មោះ ងួន ជឹមសៀន អាយុ៤៣ឆ្នាំ    មុខរបររត់
ម៉ូតូឌុប ស្នាក់ផ្ទះជួលក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យបាក់​ភ្លៅ​ខាង
ស្តាំធ្លាយមកកំភួនជើងខាងឆ្វេង   ​  រួចក្រុមចោរនោះក៏​យក​ម៉ូតូ​របស់ជនរងគ្រោះម៉ាក​ហុងដា​ សេ​
១២៥​ ស៊េរី​ឆ្នាំ​២០០៨ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1B-1638​ ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

បុរសរងគ្រោះ ឈ្មោះ ងួន ជឹមសៀន ត្រូវចោរបាញ់ចំជើងខាងឆ្វេង
និងប្លន់យកម៉ូតូបានសម្រេច

ករណីចោរប្លន់ប្រដាប់អាវុធខាងលើ បានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយមាន
មនុស្សមួយចំនួននិយាយថា ៖ "ប្រសិនបញ្ហាសន្ដិសុខ ត្រូវបានរឹតបន្ដឹងដូចទៅនឹងក្នុងអំឡុងកិច្ច
ប្រជុំកំពូលអាស៊ាន នោះបញ្ហាចោរប្លន់ប្រដាប់អាវុធ ប្រាកដជាមិនអាចកើតមានឡើងនោះទេ!"៕

 

ដោយ ៖ សីហា


Tags: robbing Cambodia