CamNews

ព័ត៌មានអន្តរជាតិ 

ចលាចលបណ្តើរ នៅ Seoul កសិករ បើកត្រាក់ទ័រ ចូលក្រុង តវ៉ា ទម្លាក់ប្រធានាធិបតីរបស់ខ្លួន

(​សេអ៊ូល)៖ គ្រឿងយន្ដកសិកម្មប្រមាណ ១,០០០គ្រឿងរួមមានទំាងត្រាក់ទ័រ និងយានយន្តកសិកម្មជា ច្រើនគ្រឿងផេ្សងទៀត នឹងធ្វើដំណើរចូលទៅដល់ទីក្រុងសេអ៊ូល ដើម្បីចូលរួមក្នុងបាតុកម្មតវ៉ានៅ​ថ្ងៃសុក្រនេះ ទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចុះចេញពីតំណែង ខណៈបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ដែលគេរំពឹងថានឹងមានបាតុករ ២លាននាក់ចូលរួមនឹងត្រូវធ្វើឡើងនៅ​ថ្ងៃសៅរ៍ ស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមរូបភាពបង្ហោះដោយស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុក គេឃើញកសិករជាច្រើននាក់បើកត្រាក់ទ័រ និងយានយន្ដកសិកម្មរបស់ពួកគេ សំដៅចូលទៅក្នុង ទីក្រុងសេអ៊ូល ដោយក្នុងនោះមានដោតទង់ ដែលមានសរសេរអក្សរនៅពីលើនោះថា «ធានាស្ថេរភាពតម្លៃស្រូវ! ចាប់ខ្លួនលោកស្រី ផាក! លោកស្រី ផាក អើយចុះចេញទៅ!»។ ទន្ទឹមគ្នានោះដែរកងកម្លាំងប៉ូលិសក្រុងសេអ៊ូល បានហាតមឃាត់ចំពោះការ​បើកត្រាក់ទ័រចូលក្រុងក្រោមហេតុផលកកស្ទះចរាចរណ៍ ក៏ប៉ុន្តែតុលាការទីក្រុងសេអ៊ូល បានអនុញ្ញាត​ឱ្យក្រុមកសិករធ្វើបាតុកម្មតវ៉ា ក្នុងលក្ខខណ្ឌមិនឱ្យយកត្រាក់ទ័រចូលក្រុង។

គួរបញ្ជាក់ថា ក្រុមបាតុករជាកសិករបានធ្វើដំណើរតាមត្រាក់ទ័រ ចេញពីទីជនបទរបស់ពួកគេដោយ​ចំណាយពេលជាង១០ថ្ងៃ ដើម្បីធ្វើដំណើរមកកាន់ទីក្រុងសេអ៊ូល ហើយពួកគេនឹងមានគំរោងប្រមូលផ្ដុំគ្នា នៅឯឧទ្យាន Sejongno ក្បែរទីលាន Gwanghwamun ស្ថិតនៅកណ្ដាលក្រុងសេអ៊ូល មុននឹងនាំគ្នាដើរហែរជាក្បួនឆ្ពោះទៅកាន់ វិមានប្រធានាធិបតីលោកស្រី ផាក គឺនហេ។ ការតវ៉ានេះរៀបចំ​ឡើងដោយសម្ព័ន្ធកសិករកូរ៉េខាងត្បូង៕



ប្រភព ៖ ស៊ិនហួរ


Tags: South korea Busan Seoul Asia President Park Geun hye