(កណ្តាល)៖ ជនសង្ស័យម្នាក់មិនខ្ចីខ្វល់និងការរកស៊ីនោះទេ ព្រោះមានជំនាញខាងបោកម៉ូតូគេ យកទៅលក់ដើរសីុចាយជាបន្តបន្ទាប់ ប៉ុន្តែចុងក្រោយអស់ល័ក្ខត្រូវម្ចាស់គេតាមរកឃើញរួចឃាត់ខ្លួននាំយកមកប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ កាលពីម៉ោង១៣៖៣០នាទីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៤ នៅឃុំឆក់ឈើងនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ វីរៈ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរជាសិស្ស រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ។ ចំណែកជនសង្ស័យឈ្មោះ ឌិន បញ្ញា អាយុ១៨ឆ្នាំ មុខរបរមិនពិតរស់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំពោះម៉ូតូដែលបានបាត់បង់ គឺម៉ាក C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1DG-8927 ។
មន្ត្រីនគរបាលបានបន្តថា កាលពីថ្ងៃទី០៤ខែមករា ឆ្នាំ២០១៦កន្លងទៅ ជនសង្ស័យនិងជនរងគ្រោះបានឌុបគ្នាទៅផឹកស៊ីនៅចំណុចអាហារដ្ឋានម្លប់ដូងត្រជាក់ចិត្ត ភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយខណៈកំពុងតែផឹកស៊ីនោះ ស្រាប់តែជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូទៅឌុបបងប្អូនយកមកស៊ីផឹកជាមួយគ្នា ពេលនោះជនរងគ្រោះព្រមឲ្យម៉ូតូខ្ចី លុះពេលជនសង្ស័យជិះម៉ូតូចេញទៅមិនឃើញត្រឡប់មកវិញ ទើបដឹងថាចាញ់បោកគេ រួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកន្លែងកើតហេតុ លុះដល់ថ្ងៃទី១៤ខែឆ្នាំដដែល ស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យនៅផ្ទះជួលម្តុំអូរឌឹមទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើការឃាត់ខ្លួននាំយកមកប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់។
មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យកន្លងមកធ្លាប់ប្រើល្បិចខ្ចីម៉ូតូគេរួចស៊ីដាច់ជាច្រើនគ្រឿងមកហើយ ប៉ុន្តែម្ចាស់គេមុនមិនដែលតាមរកឃើញនោះទេ តែលើកនេះអស់ល័ក្ខត្រូវម្ចាស់គេរកឃើញ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការចាត់ការទៅតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី