CamNews

ជីវិត និងការងារ 

នាយកនៅ IBM បោះបង់ការងារ មកចិញ្ចឹមខ្យង ៖ ប្រាក់ចំណូលកើនឡើង ដូចខ្លែងត្រូវខ្យល់

ខ្យងរបស់ Andreas Gugumuck (អូទ្រីស) ក្នុងមួយគីឡូក្រាម តម្លៃ ១០៥ដុល្លារអាមេរិក ចំណែក
ពងរបស់វា ថ្លៃជាងនេះពីរដង ជាងនេះ សូម្បីតែថ្លើមខ្យង និងខ្លាញ់ ក៏​អាច​ធ្វើ​ផលិតផលសម្អាង
ហើយ​វា​ជាទំនិញដែលត្រូវគេនិយមយ៉ាងច្រើន។

នៅឯឃ្លាំងកន្ទុក ក្នុងកសិដ្ឋានមួយ នាជាយក្រុង Vienna ប្រទេសអូទ្រីស Andreas Gugumuck
កំពុងតែត្រៀម “បន្ទប់ស្នេហា” សម្រាប់ភ្ញៀវមកទស្សនា និងអតិថិជនរបស់ខ្លួន។ តួនាទីរបស់គាត់
គឺគ្រប់គ្រងពន្លឺ ឱ្យចំណីដល់គូស្នេហានៅទីនេះ។ ប៉ុន្ដែ Gugumuck មិនមែនជាម្ចាស់ផ្ទះសំណាក់
នោះទេ តាមពិត គាត់គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប្រភេទ cornu aspersum និងជួយឱ្យពួកវា
បង្កើតកូនចៅតែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំ កសិដ្ឋានរបស់គាត់ ផ្គត់ផ្គង់ខ្យងនេះ ជាង ៣០០.០០០
កូន ទៅក្នុងទីផ្សារ។

ក្នុងនោះ Gugumuck បានលក់ចេញ ប្រមាណជាង ១,៥តោន ទៅឱ្យបណ្ដាភោជនីយដ្ឋាននៅ
ទូទាំងប្រទេសអូទ្រីស ហើយថែមទាំងបាននាំចេញទៅកាន់អាល្លឺម៉ង់ និងអាមេរិកផងដែរ។ ដោយ
មានតម្លៃ ៨០អឺរ៉ូ (១០៥ដុល្លារ) ក្នុងមួយគីឡូក្រាម នេះគឺពិតជាមុខជំនួញមួយដ៏កាក់កប។ ម្ចាស់
កសិដ្ឋាន ដែលមានអាយុ ៤០ឆ្នាំរូបនេះ ឱ្យដឹងថា ការងារនេះ ពិតជាអស្ចារ្យជាងការងារចាស់
របស់គាត់ នៅក្នុងវិស័យព័ត៌មានវិទ្យាទៅទៀត។

Gugumuck ធំឡើងនៅក្នុងគ្រួសារកសិករមួយ ប៉ុន្ដែ គាត់មិនបានយកចិត្តទុកដាក់បន្តមុខរបរពី
ពុកម្ដាយ តែបែរជាទៅសិក្សាផ្នែកសេដ្ឋកិច្ច និងព័ត៌មានវិទ្យា (IT) ក្រោយមក គាត់បានចូលការ
ឱ្យ IBM នៅអូទ្រីស ក្នុងឆ្នាំ ២០០០។ Gugumuck ធ្លាប់បានបំពេញតួនាទីជាច្រើន ក្នុងនោះ គាត់
ក៏ធ្លាប់​គ្រប់គ្រងតំណែងនាយកផែនការផងដែរ។


កសិដ្ឋានចិញ្ចេមខ្យងរបស់ Gugumuck (រូប ៖ BBC)

 

Gugumuck ថ្លែងថា មិនយូរប៉ុន្មាន គាត់មានអារម្មណ៍ថា ដូចជាខ្វះអ្វីមួយក្នុងជីវិត ដូច្នេះ គាត់
ចាប់ផ្ដើមប្ដូរវិធីសាស្ដ្រ។ ក្រោយមក គាត់បានអានអត្ថបទមួយ និយាយអំពីការប្រើប្រាស់ជា
អាហារ ហើយគាត់ក៏ផ្ដើមស្វែងយល់ និងបានរកឃើញសៀវភៅបង្រៀនធ្វើម្ហូបដ៏ល្បីឈ្មោះ ក្នុង
នោះ មាននិយាយអំពីវិធីចំអិនខ្យល cornu aspersum ពីសេសគឺនៅអូទ្រីស។បន្ទាប់ពីស្វែងយល់
គ្រប់ជ្រុងជ្រោយ គាត់ក៏សម្រេចចិត្តងាកមកចិញ្ចឹមខ្យងវិញម្ដង។

ឆ្នាំ ២០០៨ Andreas Gugumuck បានមកគ្រប់គ្រងកសិដ្ឋានពុកម្ដាយរបស់គាត់វិញ។ ក្នុងអំឡុង
ពេល ៧ខែ Andreas Gugumuck បានត្រៀមដីមួយដុំ សម្រាប់ដាំបន្លែ ក្រោយមក ទិញពួជខ្យង
cornu aspersum ចំនួន ២០.០០០កូន មកធ្វើពូជ។

ដោយសារតែហាងនានា តែងតែចង់ទិញខ្យងដែលបានចំអិនស្រាប់ ដូច្នេះគាត់ក៏បានសាកល្បង
និងយកទៅកាន់ភោជនីយដ្ឋាន នៅក្នុងក្រុង Vienna ។ យ៉ាងនេះក្ដី ភ្ញៀវក្នុងហាងនានា ហាក់មាន
ការរារែក ក្នុងការទទួលទានខ្យងនេះ។ ប្រការនេះហើយ បណ្ដាលឱ្យ Gugumuck សម្រេចបង្កើត
ពិធីទទួលទានអាហារធ្វើអំពីខ្យង ក្នុងមួយឆ្នាំពីរលើក គឺនៅក្នុងខែមិនា និងខែកញ្ញា រៀងរាល់ឆ្នាំ។

Andreas Gugumuck បានចិញ្ចឹមខ្យងរយៈពេល ៦ឆ្នាំ

 

ពិធីជប់លៀងទទួលទានខ្យងចំនួនពីរលើកក្នុងមួយឆ្នាំ របស់ Gugumuck បានធ្វើឱ្យម្ចាស់ភោជ
នីយដ្ឋាននានា ចាប់អារម្មណ៍ និងបញ្ជាទិញជាបន្តបន្ទាប់ ចំណែកប្រាក់ចំណូលរបស់ Gugumuck
ក៏កាន់តែកើនឡើង។ ឆ្នាំ ២០១០ ប្រាក់ចំណូលដែលបានមកពីក្រុមហ៊ុន Viennese Snails របស់
Gugumuck ជួយឱ្យលោក អាចសុំលាលែងពីក្រុមហ៊ុន IBM ។

ប៉ុន្មានចុងក្រោយនេះ Gugumuck ថែមទាំងជួញដូរពង និងថ្លើមរបស់ខ្យងនេះទៀតផង។ ខ្យង
នឹងត្រូវបានដាក់ក្នុងប្រអប់ដី និងខ្សាច់ ដើម្បីប្រមូលពងជារៀងរាល់ថ្ងៃ។ ពងរបស់ខ្យង ត្រូវបាន
សម្អាតដើម្បីកំចាត់មេរោគ មុននឹងដាក់ប្រអប់ និងលក់។ ពងរបស់ខ្យង ៥០ក្រាម មានតម្លៃដល់
ទៅ ជាង ១៥០អឺរ៉ូ (ជាង ១៩៤ដុល្លារអាមេរិក)។

រសជាតិរបស់ពងខ្យង ត្រូវបានគេចាត់ទុកថា ឆ្ងាញ់ និងស្រួយជាងពងត្រី។ ពងខ្យងទាំងនេះ ភាគច្រើនត្រូវបាននាំចេញទៅលក់នៅអាល្លឺម៉ង់ និងអាមេរិក។

Gugumuck ក៏អាចរកបានចំណូលពីថ្លើមខ្យងផងដែរ។ ក្រៅយពីនេះ ​គាត់ថែមទាំងរកបានប្រាក់​ចំណូលជាច្រើនពីភ្ញៀវដែលចូលមកទស្សនាកសិដ្ឋានរបស់គាត់។ ម្យ៉ាងទៀត ខ្លាញ់ខ្យង ក៏ត្រូវ
បាន Gugumuck យកមកធ្វើជាមុខជំនួញ ដោយប្រើវាជាគ្រឿងសម្អាង។ ថ្វីបើខ្យងជាមួយសត្វ
ដែលធ្វើដំណើរយឺតៗ  ប៉ុន្ដែ វាបានជួយឱ្យ   Gugumuck រកបានប្រាក់យ៉ាងច្រើន  ក្នុងមួយខែៗ
ហើយប្រាក់ចំណូលរបស់គាត់កើនឡើង ដូចខ្លែងត្រូវខ្យល់ធំ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC


Tags: Andreas Gugumuck Vienna snail