ការរក្សាបបូរមាត់ឱ្យមានភាពទន់ល្មើយ រលើបរលោងនៅក្នុងរដូវខ្យល់ស្ងួត មិនប្រេះ រហែក គឺជាការលំបាក ប៉ុន្ដែ នៅពេលអ្នកបានដឹងច្បាស់អំពីវិធីថែទាំ អ្នកនឹងឃើញថា មានភាពងាយស្រួល។
មនុស្សយើងភាគច្រើនចូលចិត្តរដូវរងា ព្រោះថា នេះគឺជារយៈពេលដែលមនុស្សអាចសប្បាយរីករាយជាមួយខោអាវក្រាស់ៗ អាចគេងដណ្ដប់ភួយនៅលើពូក ឬដើរហើរនៅក្រោមកំដៅថ្ងៃ។ ប៉ុន្ដែ នៅក្នុងរដូវរងា ក៏ជាពេលដែលជាតិសំណើមនៃបរិយាកាសចុះទាប គួបផ្សំនឹងការមិនចង់ហូបទឹកច្រើនផងនោះ វានឹងធ្វើឱ្យស្បែករបស់អ្នកត្រូវអន់សម្រស់ ៖ ស្បែកប្រែទៅជាស្ងួត សម្បុរមិនល្អ ប្រេះបបូរមាត់ និងចាស់ជាងមុន។ល។ បបូរមាត់គឺជាកន្លែងដែលទទួលឥទ្ធិពលច្រើនជាងគេបង្អស់ ពីអាកាសធាតុ ហើយវាងាយនឹងជួបបញ្ហា ប្រសិនមិនបានថែទាំត្រឹមត្រូវ។ ជាលទ្ធផល បបូរមាត់នឹងប្រេះ បាត់បង់សម្រស់ និងឈឺផ្សារ។
វិធីដោះស្រាយ ដូចខាងក្រោម ៖
ខាត់ស្បែកងាប់
នៅរដូវក្ដៅ អ្នកអាចបោះបង់ ឬកាត់បន្ថយការខាត់ស្បែកឱ្យបបូរមាត់ ប៉ុន្ដែមកដល់រដូវខ្យល់ត្រជាក់ ចាំបាច់ត្រូវខាត់ឱ្យបានញឹកញាប់ ពិសេសនៅពេលបបូរមាត់ប្រែមកជាស្ងួត។ វិធីងាយស្រួលនិងលឿនបំផុត នោះគឺម៉ាស្សាបបូរមាត់ដោយច្រាស់ដុសធ្មេញប្រភេទទន់បំផុត ដោយដុសថ្នមៗ តាមរបៀបជារង្វង់មួល។ វិធីនេះ ជួយកំចាត់កោសិកាងាប់ ធ្វើឱ្យបបូរមាត់បានស្រស់ស្អាត។ កន្សែងដៃប្រភេទទន់ ក៏អាចប្រើដើម្បីខាត់កោសិកាងាប់របស់បបូរមាត់។ ក្រោយមក កុំភ្លេចលាបផលិតផលបំប៉នសំណើមដល់បបូរមាត់។
បំប៉នសំណើម
អ្នកគួរតែលាបក្រែមបំប៉នសំណើមដល់បបូរមាត់ នៅពេលចេញទៅខាងក្រៅ ឬធ្វើការនៅក្នុងបរិយាកាសម៉ាស៊ីនត្រជាក់ក្នុងរយៈពេលយូរ។ រៀងរាល់ព្រឹក ឬមុនពេលចូលគេង អ្នកមិនចាំបាច់លាបក្រែមបំប៉នដល់បបូរមាត់ ប៉ុន្ដែជំនួសមកវិញ អ្នកគួរបំប៉នសំណើមដោយប្រើប្រាស់វត្ថុធាតុធម្មជាតិ ដូចជាប្រេងដូង លាបលើបបូរមាត់ ហើយទុកបែបនេះឱ្យវាជ្រាបចូលក្នុងស្រទាប់បបូរមាត់ដោយសន្សឹមៗ ព្រោះប្រេងដូងគឺជាវត្ថុធាតុធម្មជាតិដ៏មានប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការថែសម្រស់។ ចំណាយពេលបំប៉នសំណើមត្រឹមតែពី ១ ទៅ ២ សប្ដាហ៍ អ្នកនឹងបានឃើញប្រសិទ្ធិភាព ដោយបបូរមាត់ទន់រលោង។ ក្រៅពីនេះ ការលាបផលិតផលដែលមានវីតាមីន A និង វីតាមីន E ក៏ជួយឱ្យបបូរមាត់ ចៀសវាងបាននូវបញ្ហាប្រេះបែក។
ក្រែមបំប៉ន
ជម្រើសរើសល្អបំផុត គឺបណ្ដាផលិតផលបំប៉នដែលមានផ្ទុកសមាសធាតុ SPF បើទោះជាស្ថិតក្នុងរដូវនេះ អ្នកក៏មិនមានការព្រួយបារម្ភអំពីបញ្ហាប្រេះបបូរមាត់។ ក្រែមបបូរមាត់ដែលមានផ្ទុក SPF មានប្រសិទ្ធិភាពជួយការពារកំដៅថ្ងៃ និងការពារបបូរមាត់។
ម៉ាសសម្រាប់បបូរមាត់
ទោះជាបបូរមាត់របស់អ្នកមានពណ៌ខ្មៅជាំ ឬត្រូវរងផលប៉ះពាល់ពីកត្ដាខាងក្រៅ ដែលធ្វើឱ្យបបូរមាត់ត្រូវប្ដូរមកជាពណ៌ត្នោត នោះការប្រើម៉ាស់បិទបបូរមាត់គឺជារឿងដែលមិនអាចរំលងបាន។ ទឹកឃ្មុំ ប្រេងអូលីវ និងទឹកក្រូចឆ្មារ គឺជា “ឱសថទិព្វ” ជួយឱ្យបបូរមាត់ទន់រលោង និងក្រហមបែបធម្មជាតិ។ មុនពេលចូលគេង អ្នកគ្រាន់តែលាបទឹកឃ្មុំមួយស្រទាប់ស្ដើង ទៅលើ បបូរមាត់ ដើម្បីឱ្យវីតាមីន និងជាតិបំប៉នរបស់វា ជ្រាប់ចូលក្នុងបបូរមាត់។ ភ្លឺឡើង លាងជម្រះដោយទឹកស្អាត និងលាបក្រែមបំប៉នសមស្រប។
ក្រៅពីនេះ អ្នកក៏អាចលាយទឹកឃ្មុំជាមួយនឹងស្ករ រួចត្រដុសទៅលើបបូរមាត់ ដើម្បីខាត់ស្បែក។ ធ្វើបែបនេះនឹងជួយកាត់បន្ថយបញ្ហាប្រេះបបូរមាត់ និងភាពជាំខ្មៅ ឬក៏អាចប្រើប្រាស់វត្ថុផ្សំពីចេកទុំ កិនជាមួយទឹកដោះគោស្រស់ និងទឹកឃ្មុំ ដើម្បីធ្វើឱ្យបបូរមាត់បានភ្លឺរលោង។
ក្រែមបបូរមាត់
អ្នកគួរតែជ្រើសរើសក្រែមបបូរប្រភេទទន់ ឬរាវ ជាជាងក្រែមប្រភេទដុំរឹង ព្រោះវាអាចជួយរក្សាពណ៌បានយូរ និងធានាឱ្យបបូរមាត់របស់អ្នកទន់ភ្លន់ សិចស៊ី។ ទន្ទឹមនឹងនេះ ប្រភេទក្រែមទាំងនេះ ត្រូវតែមានផ្ទុកជាតិខ្លាញ់ និងប្រេងក្នុងកម្រិតខ្ពស់ ដើម្បីជួយរក្សាសំណើមបានល្អ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ម៉ូដសក់ប្រណិត តម្លៃ ៥០០ លានដុល្លារ របស់ Laurence Graff
វើយ៉ាងណាដើម្បីចៀសវាង សក់ឆាប់ស្កូវ ?
កិច្ចការដែលត្រូវធ្វើ សម្រាប់នារីចង់ពង្រីក ដើមទ្រូងតូចរបស់ខ្លួន
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LD