យ៉ាងហោចណាស់មានអ្នករងរបួស ២៧នាក់កាលពីថ្ងៃទី ២៧កន្លងទៅ នៅពេលមាន
ករណីផ្ទុះជាបន្ដបន្ទាប់ក្នុងក្រុងមួយនៅភាគខាងត្បូង អ៊ុយក្រែន ដែលនេះជាបញ្ហាធំចំពោះ
សន្ដិសុខនៅមុនការប្រកួតបាលទាត់ Euro ២០១២។
យ៉ាងហោចមានអ្នករបួស ២៧នាក់ ក្នុងករណីផ្ទុះចំនួន ៤លើក នៅ Dnipropetrovsk
ករណីផ្ទុះទាំង ៤លើក បានធ្វើអោយកក្រើកក្នុងតំបន់ Dnipropetrovsk ប្រទេសអ៊ុយក្រែន
ខណៈដែលក្រុមនគរបាលទីក្រុងកំពុងប្រើម៉ស៊ីនដើម្បីស្វែងរកគ្រឿងផ្ទុះ។ នៅក្នុងការផ្ទុះ
នេះ មានអ្នករបួសធ្ងន់ចំនួន ៤នាក់ និងមានក្មេងតូចៗចំនួន ៩នាក់ផងដែរ។
ប្រធានាធិបតិអ៊ុយក្រែន លោក Viktor Yanukovych បានសន្យាថានឹងឆ្លើយតបយ៉ាងខ្លាំង
ក្លាទៅនឹងការវាយប្រហារដែលបានធ្វើឡើងប៉ុន្មានសប្ដាហ៍មុនពេលអ៊ុយក្រែន និង ប៉ូឡូញ
ប្រារព្ធការប្រកួតបាលទាត់អ៊ឺរ៉ុប ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ៨ មិថុនាខាងមុខ។
ក្រុមចៅក្រមអ៊ុយក្រែន កំពុងធ្វើការស៊ើបអង្កេតក្នុងករណីនេះ ដោយសង្ស័យថាអាចជាការ
វាយប្រហារភេរវកម្ម។ ចំណែករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក Vitaly Zakharchenko ក៏បាន
ធ្វើដំណើរជាបន្ទាន់ទៅកាន់កន្លែងកើតហេតុនោះដែរ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា អ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងអំពើវាយប្រហារនេះនៅ
ឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP