ដោយសារហេតុផលផ្សេងៗ ធ្វើឲ្យមនុស្សមួយចំនួន ជាពិសេស ច្រើនកើតមានឡើងនៅលើ យុវវ័យ តែងតែក្រោកពីដំណេក យឺត (ដេកស្ពឹក) រហូតដល់ក្លាយជាទម្លាប់។ តាមពិតទៅ ទម្លាប់ ដេកស្ពឹកនេះ វាមិនមែនជាទម្លាប់ល្អឡើយ ដែលបង្កនូវផលប៉ះពាល់ជាច្រើនដល់ខ្លួនយើង។ ផ្ទុយទៅវិញ ការទម្លាប់ ក្រោកពីដំណេក ពីព្រលឹម ជារៀងរាល់ថ្ងៃ វាបានផ្តល់នូវផលប្រយោជន៍ ជាច្រើន ដល់សុខភាពរបស់ ខ្លួនយើង រួមទាំងភាពជោគជ័យ លើការបំពេញកិច្ចការងារ ផ្សេងៗ ផងដែរ ដែលទម្លាប់ដ៏ល្អនេះ សុទ្ធតែ ត្រូវបានអ្នកជំនួញល្បីៗ ក៏ដូចជាបណ្តា CEO ក្រុមហ៊ុនធំៗ លើពិភពលោក បានអនុវត្តវា ជារៀងរាល់ថ្ងៃ។
តើការទម្លាប់ក្រោកពីដំណេក ពីព្រលឹម ជារៀងរាល់ថ្ងៃ វាបានផ្តល់នូវអត្ថប្រយោជន៍ល្អៗ អ្វីខ្លះ ដល់ខ្លួនយើងទាំងអស់គ្នា? សូមប្រិយមិត្តទាំងអស់ តាមដានអានដូចខាងក្រោម៖
១. បន្ថយនូវការភ័យ ព្រួយបារម្ភ
ក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ អាចជួយឲ្យអ្នកចៀសផុត ពីការភ័យ ព្រួយបារម្ភ ក្នុងការទៅធ្វើការ ទៅសិក្សា ឬទៅណាត់ជួបគេ យឺតពេល។
២. រក្សាបាននូវថាមពល បានយ៉ាងពេញលេញ
ដេកច្រើនជ្រុល ក៏ដូចជាការដេកស្ពឹក វានឹងធ្វើឲ្យរាងកាយរបស់មនុស្សយើង មានភាពហត់នឿយ រវើយក្នុងខ្លួន។ ការទម្លាប់ដេកតាមការកំណត់ និងក្រោកពីព្រលឹម វានឹងជួយឲ្យរាងកាយ យើង រឹងមាំ ពេញដោយថាមពល។
៣. ជុំរុញឲ្យការបំពេញកិច្ចការងារ មានប្រសិទ្ធភាព
ការក្រោកពីដំណេក ពីព្រលឹម បានធ្វើឲ្យខួរក្បាលយើង មានភាពស្រស់ថ្លា រវាសរវៃ ដែលធ្វើ យើងអាចប្រមូលអារម្មណ៍បានល្អ អារម្មណ៍មូល គិតបានរហ័ស ជួយឲ្យការបំពេញកិច្ចការងារ ក៏ដូចជា ការសិក្សា ទទួលបានប្រសិទ្ធភាពខ្ពស់។
៤. អាចឲ្យអ្នកមានពេល សម្រាប់ហាត់ប្រាណ
ការក្រោកពីដំណេកពីព្រលឹម អាចឲ្យអ្នកមានពេលវេលា ក្នុងការហាត់ប្រាណ។ ការចំណាយពេល ហាត់ប្រាណប្រហែលពី ១៥ ទៅ ២០ នាទី រៀងរាល់ព្រឹក វាបានជួយឲ្យរាងកាយរបស់អ្នក បង្កើន បាននូវបរិមាណ Endorphin ដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងរីករាយ ពេញមួយថ្ងៃ។
៥. ញ៉ាំអាហរពេលព្រឹក បានពេញលេញ
ក្រោកពីព្រលឹម ដើម្បីទទួលបាននូវ ការស្រស់ស្រូបអាហារពេលព្រឹក ដែលជារបបអាហារសំខាន់ ជាងគេបំផុតប្រចាំថ្ងៃ បានលេញលេញ។ ការញ៉ាំអាហារពេលព្រឹក តាមសម្រួល ពេញលេញ វា នឹងផ្តល់ដល់អ្នកនូវ សារធាតុបំប៉ន ក៏ដូចជាមានថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារផ្សេងៗ បានយ៉ាងល្អ។
សរុបសេចក្តីមក ការឆាប់ចូលគេងបន្តិច ព្យាយាមគេងឲ្យបានគ្រប់ចំនួនម៉ោង និងក្រោកពីដំណេក ពីព្រលឹម វាពិតជាទម្លាប់ល្អបំផុតមួយ ដែលយើងគួរអនុវត្ត ព្រោះថាវាបាន ផ្តល់មកវិញ នូវអត្ថ ប្រយោជន៍ជាច្រើនដល់លោកអ្នក ទាំងការទទួលបាននូវសុខភាពល្អ ក៏ដូចជា រាល់ការបំពេញ កិច្ចការងារផ្សេងៗ ទទួលបាននូវប្រសិទ្ធភាពខ្ពស់ផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14