CamNews

ព័ត៌មានអន្តរជាតិ 

អ៊ុយក្រែន មានភ័ស្ដុតាង ៖ រុស្ស៊ី នៅពីក្រោយ ករណីយន្ដហោះ MH17

Ukraine ថ្មីៗនេះ បានប្រកាសថា អាជ្ញាធររបស់ខ្លួន កំពុងកាន់កាប់ភ័ស្ដុតាង បង្ហាញថា រុស្ស៊ី
មានតួនាទីជាអ្នកសម្រេចចិត្តចុងក្រោយ ក្នុងករណីបាញ់ទម្លាក់យន្ដហោះ MH17 ដែលបាន
បណ្ដាលឱ្យមនុស្ស ២៩៨បាត់បង់ជីវិត។

ទំព័រ Reuters ដកស្រង់សំដីមេដឹកនាំក្រុមចារកិច្ចរបស់ អ៊ុយក្រែន លោក Vitaly Naida ឱ្យដឹង
ថា “យើងខ្ញុំមានភ័ស្ដុតាងដ៏ជាក់លាក់ បង្ហាញថា សកម្មភាពភេរវកម្ម ត្រូវបានធ្វើឡើង ដោយ
មានការគាំទ្រពីប្រទេសរុស្ស៊ី។ យើងខ្ញុំបានដឹងច្បាស់ថា បណ្ដាក្រុមមនុស្សដែលបានចូលរួម
ចំណែកធ្វើសកម្មភាព នៅកន្លែងបាញ់កាំជ្រួច គឺជាជនជាតិរុស្ស៊ី”។

ប្រព័ន្ធបាញ់កាំជ្រួច ប្រឆាំង​យន្ដ​ហោះ Buk


ប្រធានក្រុមចារកិច្ចខាងលើ ឱ្យដឹងថា រុស្ស៊ី បានបញ្ជូនប្រព័ន្ធបាញ់កាំជ្រួច និងទាហានជំនាញ
មកគាំទ្រដល់ក្រុមបំបែកខ្លួន។ យោងតាមភ័ស្ដុតាងដែលទីក្រុង Kiev បានរកឃើញ បង្ហាញថា
ប្រព័ន្ធបាញ់កាំជ្រួច BUK-1 ឬ SA-11 ត្រូវបាននាំចូល អ៊ុយក្រែន ពីប្រទេសរុស្ស៊ី រួមជាមួយនឹង
មនុស្សមួយក្រុម ដែលមានគ្នា ៣នាក់។

ភាគីខាងអ៊ុយក្រែន អះអាងថា មនុស្ស ៣នាក់ខាងលើ ត្រូវបានបញ្ជូនមក ជាមួយនឹងប្រព័ន្ធ
បាញ់កាំជ្រួច ទន្ទឹមនឹងនេះ អ៊ុយក្រែន ក៏បានស្នើឱ្យរុស្ស៊ី ផ្ដល់អត្តសញ្ញាណរបស់មនុស្សទាំង
៣នាក់នេះ ដើម្បីធ្វើការសួរនាំ។ ប្រព័ន្ធបាញ់កាំជ្រួចចំនួន ៣ មកដល់ពេលនេះ គេបានបញ្ជូន
ត្រឡប់ចូលក្នុងទឹកដីរុស្ស៊ី។ រូបភាពដែលគេថតបាន បង្ហាញថា ប្រព័ន្ធបាញ់កាំជ្រួចទាំងនោះ
ត្រូវបានគេដាក់នៅទីតាំងខុសៗគ្នា។

មុននេះ អ្នកនាំពាក្យរបស់គណកម្មការសន្តិសុខ អ៊ុយក្រែន បានបញ្ជាក់ថា យុទ្ធភ័ណ្ឌចំនួន
១៥ប្រភេទ ត្រូវបាននាំពីរុស្ស៊ី មកកាន់តំបន់ Luhansk ភាគខាងកើត អ៊ុយក្រែន នៅពេលយប់។

ចំណែកក្រុមអ្នកស៊ើបការណ៍ និងមន្ដ្រីការពារជាតិអឺរ៉ុប ឱ្យដឹងថា ក្រុមបះបោរនៅភាគខាងកើត
អ៊ុយក្រែន កំពុងតែលាក់បាំងភ័ស្ដុតាង ទាក់ទិននឹងប្រព័ន្ធបាញ់កាំជ្រួច Buk ។ កាំជ្រួចប្រឆាំង
យន្ដហោះនេះ ត្រូវបានគេសង្ស័យថា ត្រូវបានក្រុមបំបែកខ្លួនដែលស្និទ្ធនឹងរុស្ស៊ី ប្រើប្រាស់ដើម្បី
បាញ់ទម្លាក់យន្ដដឹកអ្នកដំណើររបស់ ម៉ាឡេស៊ី កាលពីថ្ងៃទី ១៧កន្លងទៅ។

ទំព័រ Guardian ដកស្រង់សំដីមន្ដ្រីយោធា អ៊ុយក្រែន ឱ្យដឹងថា ក្រុមបះបោរ មិនអាចគ្រប់គ្រង
និងបញ្ជាប្រព័ន្ធបាញ់កាំជ្រួចខាងលើ ប្រសិនមិនមានការគាំទ្រ និងជំនួយផ្នែកបច្ចេកទេស ពីរុស្ស៊ី។

ក្រុម​អ្នក​សង្គ្រោះ ក្នុង​ករណីយន្ដហោះ MH17


ចំណែកភាគីខាងរុស្ស៊ី បានបដិសេធចំពោះការចោទប្រកាន់របស់អ៊ុយក្រែន ហើយបានអះអាង
ថា ៖ “ការឆ្លងដែនបែបនេះ មិនអាចធ្វើទៅបានដោយសម្ងាត់នោះទេ”។

គួររំលឹកថា យន្ដហោះ MH17 ត្រូវបានគេបាញ់ទម្លាក់ នៅក្នុងតំបន់ Donetsk ដែលកំពុងមាន
ការប្រយុទ្ធគ្នា កាលពីថ្ងៃទី ១៧ កក្កដា នៅពេលយន្ដហោះ កំពុងហោះហើរពី Amsterdam ទៅ
កាន់ Kuala Lumpur បណ្ដាលឱ្យមនុស្ស ២៩៨នាក់ បាត់បង់ជីវិត។ ទីតាំងយន្ដហោះធ្លាក់ មាន
ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/Guardian


Tags: Ukraine Russia MH17 Vitaly Naida BUK-1 SA-11