រឿងរ៉ាវនារីម្នាក់ដែលបាន និងកំពុងស្ថិតក្នុងស្ថានភាពសន្លប់រយៈពេល ២ឆ្នាំ ត្រូវបានគេធ្វើពិធីរៀបការនៅក្នុងមន្ទីរពេទ្យ នាំឱ្យមនុស្សជាច្រើនរំជួលចិត្ត។
ពិធីរៀបការដ៏គួររំជួលចិត្ត ជាមួយនារីម្នាក់ដែលកំពុងភ្លឹកស្មារតី
នាង Jingjing និងគូដណ្ដឹងរបស់នាង ឈ្មោះ Lu Lai នៅ Guangdong ប្រទេសចិន ធ្លាប់មានពេលវេលាដ៏មានសុភមង្គលជាមួយគ្នា។ ឆ្នាំ ២០១១ អ្នកទាំងពីររកបានការងារធ្វើក្នុងស្ថាប័នរដ្ឋនៅមូលដ្ឋាន ក្នុងខេត្រ Guangzhou ហើយពួកគេក៏បានទិញផ្ទះមួយខ្នង និងកំពុងមានគម្រោងរៀបការជាមួយគ្នា។
ប៉ុន្ដែ គម្រោងរបស់គូស្នេហ៍មួយគូនេះ មិនបានសម្រេចនោះទេ បន្ទាប់ពី Jingjing បានសន្លប់នៅនឹងកន្លែងធ្វើការ។ Jingjing ធ្លាក់ក្នុងសភាពភ្លឹកស្មារតី នៅពេលកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយតាំងពីពេលនោះមក Jingjing មិនដែលបានដឹងខ្លួនម្ដងណាឡើយ។
ពេលវេលា បានកន្លងទៅពីរឆ្នាំ គ្រួសាររបស់នាងបាននាំគ្នាធ្វើពិធីខួបកំណើតលើកទី ២៨ឱ្យនាង ដោយមាននំខេក និងទៀននៅក្បែរគ្រែ ក្នុងមន្ទីរពេទ្យ។ បន្ទាប់មក ពួកគេក៏បានប្រារព្ធពិធីរៀបការដ៏គួរឱ្យអាណិតបំផុត ដើម្បីបំពេញសេចក្ដីប្រាថ្នារបស់អ្នកទាំងពីរ។
យោងតាមគ្រួសាររបស់នាង បន្ទាប់ពីពិធីរៀបការនេះ គ្រឿងក្នុងរបស់ Jingjing នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យ ដើម្បីជួយដល់អ្នកជម្ងឺដែលត្រូវការចាំបាច់។
ស្វាមីរបស់ Jingjing លោក Lu Lai ថ្លែងថា ៖ “ខ្ញុំមានសុភមង្គលណាស់។ នាងនឹងបានជួយដល់អ្នកដទៃ ឱ្យបានរស់ជាបន្ដទៀត។ ចំណែនខ្ញុំវិញ ខ្ញុំនឹងមិនយកប្រពន្ធទៀតនោះឡើយ នាងស្ថិតក្នុងបេះដូងរបស់ខ្ញុំជានិច្ច” ។
ដោយ ៖ តារា
ប្រភព ៖ nydailynews