ភ្នំពេញៈ តារាចម្រៀងមានទឹកដម សំនៀងក្រអួនក្រអៅ ត្រូវចិត្តយុវវ័យ ប្រចាំផលិតកម្មថោន នាង មាស សុខសោភា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បានដឹកដៃម្តាយ ឡើងយន្តហោះ ចេញទៅសម្តែង និងដើរលេងលំហែអារម្មណ៍ រយៈពេលប្រមាណកន្លះខែ នៅលើទឹកដីញូវសេឡេន ទុកឲ្យស្វាមីលាក់មុខនៅកណ្ដោចកណ្ដែងម្នាក់ឯង ។
ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៤នេះ លោក មាស សុខរតនៈ ជាបងប្រុសបង្កើតរបស់តារាចម្រៀងស្រី កំពុងមានប្រជាប្រិយភាព និងកំពុងតែកាក់កប់ ការចេញថតស្ពតពាណិជ្ជកម្ម ជាហូរហែមិនដាច់ នាង មាស សុខសោភា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ នាងបានឡើងយន្តហោះ ចេញដំណើរទៅញូវសេឡេនហើយ ដោយយកម្តាយ ទៅជាមួយផងដែរ ។
បងប្រុសរបស់តារាចម្រៀងយេៗ មាស សុខសោភា បានប្រាប់ឲ្យ ដឹងទៀតថា "បើតាមគម្រោង គ្រោងទុក អាភា ទៅ ញូវសេឡេន តែកន្លះខែទេ ហើយគម្រោងបន្តទៀត ប្រសិនបើការងារក្នុងស្រុក អាចដកឃ្លាបាន មិនសូវរវល់ គឺនាង នឹងបន្តដំណើរ ចេញទៅអូស្ត្រាលីកន្លះខែទៀត។ តែសម្រាប់គម្រោងនេះ ខ្ញុំនៅមិនទាន់ច្បាស់ទេ រង់ចាំជិតដល់ពេល បើសិនអាចដកឃ្លាបាន ខ្ញុំនឹងផ្តល់ដំណឹងឲ្យ អាភា ហើយគេ និងនាំម្តាយ បន្តទៅអូស្ត្រាលីតែម្តង "។
ជាមួយគ្នានោះ លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ប្អូនស្រីរបស់លោក មានការមមាញឹកច្រើន ខ្លាំងណាស់ សម្រាប់ការងារ ក្នុងស្រុកស្ទើរ តែគ្មានពេលសម្រាកទៅហើយ។ ប៉ុន្តែដោយសារតែមានការគាំទ្រ និង ស្រលាញ់ពីបងប្អូន រស់នៅលើទឹកដីញូវសេឡេន ទើបនាងសម្រេចចិត្តដកឃ្លា ចេញទៅសម្តែង រយៈពេលខ្លីបែបនេះ ។ ម្យ៉ាងទៀត ដូចលោកធ្លាប់ប្រាប់អ៊ីចឹង គឺចង់នាំម្តាយទៅដើរលេងកម្សាន្ត នៅក្រៅប្រទេស ដើម្បីឲ្យគាត់បានស្រស់ស្រាយ សប្បាយអារម្មណ៍ និងបានឃើញពីភាពរីក ចម្រើននៃប្រទេសគេ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល