ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់
បង្កើតគណៈកមមាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះករុណា ព្រះបាទ
សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ។ គណៈកម្មាធិការនោះ ដឹកនាំដោយសម្តេច
ជា ស៊ីមសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន។
ព្រះរាជក្រឹត្យនេះ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ សមាសភាពគណៈកម្មាធិការជាតិរៀបចំ
ព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ មានចំនួន ៤៩ រូប ដែលដឹកនាំ
ដោយសម្តេចទាំងបី និងមានសមាជិកជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អគ្គស្នង
ការនគរបាលជាតិ មេប៉េអឹម និងអភិបាលរាជធានី-ខេត្តទាំង ២៤។
គណៈកម្មាធិការខាងលើនេះ មានភារកិច្ច ដូចតទៅ៖
- រៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ឲ្យមានដំណើរការល្អ ឧត្តុង្គឧត្តម សក្តិសមនឹងព្រះ
គោរមងាររបស់ព្រះអង្គ ជាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯក
ភាពជាតិខ្មែរ
-សម្របសម្រួលការងាររៀបចំព្រះរាជពិធីបុណ្យព្រះបរមសព នៅថ្នាក់ជាតិ និងថ្នាក់ក្រោម
ជាតិ
-រៀបចំព្រះរាជពិធីទទួល និងដង្ហែព្រះបរមសព
-រៀបចំតម្កល់ព្រះបរមសព គោរពព្រះវិញ្ញាណក្ខន្ធ និងកិច្ចការពាក់ព័ន្ធផ្សេងៗ
-រៀបចំព្រះរាជពិធីបូជាព្រះបរមសព ឲ្យមានដំណើរការល្អ និងឧត្តុង្គឧត្តម
ព្រះករុណា ព្រះមហាក្សត្រ ក៏បានកំណត់ថា គណៈកម្មាធិការនេះ អាចបង្កើតអនុគណៈកម្មការ
ដើម្បីបំពេញការងារ តាមការចាំបាច់។ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ
សភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ឲ្យបាន
សម្រេចនូវព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។
ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានចម្លងចែកចាយ ដែលចុះហត្ថលេខា
ដោយលោក សយ សុខា អគ្គលេខាធិកររងទី១ រាជរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ
២០១២។ ព្រះរាជក្រឹត្យនោះ ត្រូវបានផ្សព្វផ្សាយដល់អ្នកកាសែត នាព្រឹកថ្ងៃទី១៧ ខែតុលា
ឆ្នាំ២០១២។
ដោយ ៖ សូរីយ៉ា