ភ្នំពេញៈ ថ្មីៗកន្លងទៅនេះ តារាកំប្លែងល្បីឈ្មោះ ប្រចាំសា្ថនីយទូរទស្សន៍ ស៊ី ធី អ៉ិន លោក ចែម
ចាន់តារា ហៅនាយ ពែកមី ត្រូវបានទស្សនិកជនមួយចំនួន នាំគ្នានិយាយតៗគ្នា ពីមាត់មួយទៅ
មាត់មួយថា លោកត្រូវបានគេចាប់ដាក់គុក ទើបធ្វើឲ្យលោកអវត្តមាន មិនបានឡើងសម្តែង នៅ
លើកញ្ចក់ទូរទស្សន៍។ ពាក្យចចាមអារ៉ាមទាំងអស់នេះ ត្រូវបានតារាកំប្លែងរូបនេះ ចេញមុខច្រាន
ចោល បែបភ្ញាក់ផ្អើលភ្លាមៗ បន្ទាប់ពី លោកបានទទួលព័ត៌មានបែបនេះភ្លាម ។
ការលេចឮពាក្យចចាមអារ៉ាមនេះ បានលើកឡើងតៗគ្នាទាំងខាងក្រៅ និងតាមរយៈបណ្តាញ
ទំនាក់ទំនងសង្គម Facebook ពីមួយទៅមួយថា តារាកំប្លែងនាយ ពែកមី ត្រូវបានសមត្ថកិច្ច
ចាប់ដាក់គុកក្រោយពីលោកឃោសនា គណបក្សខុសហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវ
ខាងស្ថានីយទូរទស្សន៍ ហាមឃាត់មិនឲ្យឡើងប៉ុស្តិ៍ សម្តែងទៀតទេ ។
បើតាមប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា មូលហេតុដូច្នេះហើយ បានជាលោក អាក់ខាន
មិនបានចូលរួមសម្តែងកំប្លែង កាលពីពេលកន្លងទៅនេះ ។ ហើយសន្ទុះកេរ្តិ៍ឈ្មោះរបស់លោក
ក៏ប្រហែលជាធ្លាក់កូដ ទៅតាមហ្នឹង ហើយដោយសារតែត្រូវបាត់មុខ ពីវិស័យសិល្បៈ និងមិន
បានឡើងបង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍ដូចពេលមុនទៀតនោះទេ។
ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក ពែកមី បានទូរស័ព្ទមកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ដោយផ្ទាល់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នេះដោយលោកបានច្រានចោល ព័ត៌មានទាំង
អស់នោះ គឺមិនមែនជារឿងពិតនោះទេ ហើយពេលនេះលោកក៏នៅតែ មានវត្តមានបន្តអាជីព
ចាស់ ដដែលមិនបានបាត់វត្តមានទៅណា ឬក៏ជាប់គុកដូចការលើកឡើង នាពេលកន្លងមកនោះ
ទេ។
តារាកំប្លែងសម្បូរវោហាររូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល
ណាស់នៅពេលដែលឮព័ត៌មានបែបនេះ ត្រូវកើតឡើងលើខ្ញុំទាំងដែលខ្ញុំ មិនបានដឹងខ្លួនទាល់
តែសោះ ខ្ញុំទើបតែដឹងនៅពេលឃើញទស្សនិកជន និងបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល
និងសួរខ្ញុំពីរឿងនេះ ” ។
នាយ ពែកមី បានប្រាប់ឲ្យដឹងទៀតថា “ តាមពិតទៅខ្ញុំនៅតែបន្តលេងដដែល ហើយការដែល
ខ្ញុំបាត់វត្តមាន មួយសប្តាហ៍នោះ គឺដោយសារតែខ្ញុំឈឺមិនមែន មានបញ្ហាដូចការលើកឡើង
ខាងលើទេហើយខ្ញុំពាក់មី នៅតែបន្តអាជីពនេះដដែល ហើយខ្ញុំសង្ឃឹមថាក្រោយពីខ្ញុំចេញមុខ
បកស្រាយរឿងនេះរួច និងធ្វើឲ្យទស្សនិកជនលែងយល់ច្រឡំទៀត ” ។
លោក ចែម ចាន់តារា ហៅនាយ ពែកមី គឺជាតារាកំប្លែងប្រុសមួយដួង ដែលមានភាពលេចធ្លោ
ខ្លាំង នៅក្នុងក្រុមកំប្លែងល្បី ឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ចាប់តាំងពីលោកចូលប្រ
ឡូក ក្នុងវិស័យសិល្បៈលោកធ្លាប់ជួបប្រទះ និងរឿងអាស្រូវស្នេហាជាមួយ តារាស្រីល្បីឈ្មោះ
រួមក្រុម នាង ខ្ញុង តែព័ត៌មាននេះ ត្រូវបានសាបរលាប ទៅវិញ មិនបានប៉ុន្មាន ផង ។ ស្រាប់តែ
ថ្មីៗនេះ លោកបានជំពប់និងរឿងថ្មីមួយទៀត ដែលមានការលើកឡើងតៗគ្នា លោកត្រូវបាន
សមត្ថកិច្ច ចាប់ដាក់គុក និងលែងបានបង្ហាញមុខនៅលើ កញ្ចក់ទូរទស្សន៍ទៀតហើយ តែជុំវិញ
ព័ត៌មាននេះត្រូវ បានលោកចេញមុខបកស្រាយ និងច្រានចោលភ្លាមៗ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល