(កូរ៉េ)៖ លោក Song Joong ki តារាប្រុសដ៏ស្រស់សង្ហា របស់កូរ៉េបានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ប្រមាណ២០លានវ៉ុនស្មើនឹង ២៤,៦០០ ដុល្លារ ទៅដល់មូលនិធិសប្បុរសធម៌មួយ ដែលបានជួយដល់ជនរងគ្រោះ ដោយសារអំពើរំលោភបំពានផ្លូវភេទ កាលពីកំឡុងសង្គ្រាមលោកលើកទីពីរ។
តំណាងក្រុមមូលនិធិស្ត្រី Nanum House និយាយថា ពួកគេបានទទួលទឹកប្រាក់សប្បុរសធម៌ ២០លានវ៉ុនមែន ដែលបានដាក់ឈ្មោះ Song Joong ki កាលពីថ្ងៃអង្គារកន្លងទៅនេះ ហើយក៏បានសាកសួរបញ្ជាក់ ទៅភ្នាក់ងាររបស់ តារាសម្តែងប្រុសរូបនេះថា ពិតជារូបគេមែន ដែលបានជួយបរិច្ចាគនូវទឹកប្រាក់ ដ៏ច្រើននេះ តែពីដំបូងការបរិច្ចាគ ហាក់ដូចជាមិនចង់ឲ្យមហាជនដឹងឮ ច្រើនឡើយ។
ក្រុមនារីវ័យក្មេង និងក្មេងស្រីជាច្រើននាក់ ត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ ដោយកងទ័ពជប៉ុន កំឡុងសង្គ្រាមលោកលើកទីពីរ ហើយថ្មីៗនេះ Song Joong ki កំពុងថតខ្សែភាពយន្ត រឿង «Battleship Island» ឬកោះនាវាចម្បាំង ជាមួយតារាសម្តែង So Ji-sub និង Hwang Jung-min ដែលគេដើរតួជាសមាជិក ក្រុមឯករាជ្យនៅលើកោះ Hashima ដើម្បីសង្គ្រោះជនជាតិកូរ៉េ ដែលត្រូវកំពុងរងការធ្វើបាប ពីសំណាក់កងទ័ពជប៉ុនឈ្លានពាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង