CamNews

មួកសុវត្ថិភាពធ្វើអោយខូចម៉ូដសក់ ឬជួយជីវិត?

មួកសុវត្ថិភាពមិនមែនជារបស់សម្រាប់ការពារអ្នក ពីការពិន័យរបស់នគរបាលចរាចរណ៍
នោះទេ ហើយអ្នកក៏មិនគួរចាត់ទុកមួកសុវត្ថិភាពថាជារបស់ដែលធ្វើអោយខូចម៉ូដសក់
របស់អ្នកនោះដែរ តែវាគឺជា "ផ្ទាំងស៊ីប" ដ៏ល្អសម្រាប់ការពារក្បាលរបស់អ្នកមិនអោយប៉ះ
ទង្គិចដោយផ្ទាល់ទៅនឹងវត្ថុនានានៅពេលអ្នកជួបនឹងគ្រោះថ្នាក់ចរាចរណ៍។

អ្នកធ្លាប់ឃើញគេជិះបែបនេះឬទេ? តើអ្នកគិតបែបណាចំពោះការជិះបែបនេះ
?

កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានអនុម័តច្បាប់ចរាចរណ៍ស្ដីពីមួកសុវត្ថិ
ភាព ដោយបង្ខំអោយប្រជាពលរដ្ឋទូទៅដែលចូលរួមធ្វើចរាចរណ៍ ត្រូវតែពាក់មួកការពារ
សុវត្ថិភាពដើម្បីការពារក្បាលពីការប៉ះទង្គិចនានា។ ច្បាប់នេះត្រូវបានប្រជាជនភាគច្រើន
គាំទ្រយ៉ាងពេញទំហឹង ប៉ុន្ដែក៏មានមនុស្សមួយចំនួន (ជាពិសេសក្មេងស្ទាវ) ពួកគេមិនត្រឹម
តែមិនពាក់មួកសុវត្ថិភាពនោះទេ តែថែមទាំងបើកបរមិនគោរពសិទ្ធអ្នកដទៃទៀតផង ដែល
ប្រការនេះបានបង្កអោយមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់។

ក្មេងជិះនៅខាងមុខក៏គួរតែពាក់មួកសុវត្ថិភាព


នៅលើដងវិថីនានា អ្នកបើកបរម៉ូតូមួយចំនួនមិនបានពាក់មួកការពារសុវត្ថិភាព ថ្វីបើពួកគេ
បានយកមួកមកតាមខ្លួន ពួកគេខ្លាចតែនគរបាលចរាចរណ៍តែប៉ុណ្ណោះ ដូច្នេះនៅពេលធ្វើ
ដំណើរជិតដល់ភ្លើងស្ដុប ឬឃើញនគរបាលចរាចរណ៍ ទើបយកមួកមកពាក់ ហើយនៅពេល
បើកបរផុតពីភ្លើងស្ដុប ឬផុតពីភ្នែកនគរបាលចរាចរណ៍ ពួកគេក៏ដោះមួកចេញ។ មិនត្រឹមតែ
ប៉ុណ្ណោះ យុវវ័យមួយចំនួន នៅពេលត្រូវបានសួរថា ហេតុអ្វីមិនពាក់មួក? ពួកគេឆ្លើយថា "ការ
ពាក់មួកគឺធ្វើអោយបាត់បង់ភាពសង្ហារ" "ការពាក់មួកធ្វើអោយខូចម៉ូដសក់"។ល។ ទង្វើនេះ
បានឆ្លុះអោយឃើញថា ពួកគេបារម្ភពីសក់ ឬភាពសង្ហារច្រើនជាងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
ពួកគេជាមនុស្សមិនចេះស្រឡាញ់ជីវិត និងមិនគិតដល់អ្វីដែលនឹងកើតឡើងនៅពេលគ្រោះ
ថ្នាក់ចរាចរណ៍បានកើតមានចំពោះខ្លួន។

សិស្សសាលាម្នាក់កំពុងធ្វើដំណើរទៅកាន់សាលារៀន


ដើម្បីចៀសវាងបញ្ហាដែលអាចកើតឡើងដោយសារគ្រោះថា្នក់ចរាចរណ៍ អ្នកជិះលើម៉ូតូ
(មិនថាតែអ្នកកាន់ចង្កូត ឬអ្នកជិះពីក្រោយនោះទេ) គឺត្រូវតែពាក់មួកសុវត្ថិភាព មិនដូច្នោះ
ទេ នៅពេលមានគ្រោះថ្នាក់កើតឡើង អ្នកខាងក្រោយក៏នឹងត្រូវរងគ្រោះដូចគ្នា។

បែបនេះគឺត្រឹមត្រូវបំផុត ប្រសិននៅលើម៉ូតូមានមនុស្សតែពីរនាក់

គួររំឮកថា ក្នុង​​ឆ្នាំ​ ២០១១ កន្លងទៅ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១.៧១៣​នាក់ បាន
​ស្លាប់ និង ​៧.៨៨៥​ នាក់​ផ្សេង​ទៀត​រងរបួសដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នេះ​បើ​តាម​ការ
អះ​អាង​ពី​លោក ព្រាប ចន្ទវិបុល ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក នៃ​ក្រសួង​សាធារណ
ការ។ ប្រសិនអ្នកទាំងអស់គ្នាពាក់មួកសុវត្ថិភាព តួលេខនៃការស្លាប់ខាងលើប្រាកដជាត្រូវ
ថយចុះច្រើនមិនខាន។

សិស្សនៅក្នុងសាលាអនុវិទ្យាល័យហ៊ុនសែនចាក់អង្រែ


ទាក់ទិនទៅនឹងបញ្ហាមួកសុវត្ថិភាពនេះដែរ នៅឯសាលាអនុវិទ្យាល័យហ៊ុនសែនចាក់អង្រែ
យើងឃើញមានសិស្សសាលាភាគច្រើន ប្រើប្រាស់មួកសុវត្ថិភាពនៅពេលពួកគេធ្វើដំណើរ
មកកាន់សាលារៀន មិនថាតែអ្នកជិះកង់ ម៉ូតូ ឬរ៉ឺម៉កនោះទេ នេះគឺជាសកម្មភាព និងទិដ្ឋភាព
មួយដែលអ្នកគ្រប់គ្រងសាលារដ្ឋ និងឯកជននានា គួរតែអនុវត្ដតាមសាលាគំរូមួយនេះ៕


ដោយ ៖ សូរីយ៉ា

Tags: trafic accidentnational newshelmet