CamNews

គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ ធ្វើសន្និសីទសារព័ត៌មាន ស្តីពី ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងព័ត៌មាន និងអង្គការសុខភាពពិភព
លោក រៀបចំសន្និសីទសារព័ត៌មានស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់
ចរាចរណ៍ “បើពិសាគ្រឿងស្រវឹង កុំបើកបរ”

ភ្នំពេញ, ថ្ងៃទី០១ តុលា ឆ្នាំ២០១២ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួង
ព័ត៌មាន សហការជាមួយអង្គការសុខភាពពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានស្តីពី
ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ ដោយដាក់សារដ៏ច្បាស់លាស់
និងសាមញ្ញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនា   បតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “​បើពិសាគ្រឿង
ស្រវឹង កុំបើកបរ
”។​

សន្និសីទសារព័ត៌មាននេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តន៍នូវគម្រោងសុវត្ថិភាពចរា
ចរណ៍ផ្លូវគោក១០ប្រទេស រួមទាំងប្រទេសកម្ពុជា ដែលមានគោលបំណងសង្រ្គោះអាយុជីវិត
ប្រជាពលរដ្ឋកម្ពុជា ដោយកាត់បន្ថយការស្លាប់ ប្រមាណជាង ១,៨០០នាក់ និងការរងរបួស
ធ្ងន់ធ្ងរ ៦,៧០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ។ សនិ្នសីទសារព័ត៌មាននេះ មានគោលបំណងលើកកំពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសយុវវ័យជំទង់ និង
មនុស្សពេញវ័យអំពីផលបច្ច័យអាក្រក់នៃការប្រើប្រាស់គ្រឿងស្រវឹងដែលជាកត្តាគ្រោះថ្នាក់
ចំបងមួយនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

នៅលើសកលលោកមានប្រជាជនប្រមាណ ១,៣លាននាក់រួមទំាងបុរស ស្រ្តី និងកុមារ បាន
ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយប្រមាណជា ៥០លាននាក់បានរង
របួស ដែលអ្នកខ្លះត្រូវពិការអស់មួយជីវិត យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Pieter
JM Van Maaren តំណាងអង្គការសុខភាពពិភពលោកប្រចំាប្រទេស កម្ពុជា។ ជាង៩០%នៃ
អ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅក្នុងប្រទេសមានប្រាក់ចំណូល
ទាប និង​មធ្យម។

បន្ថែមទៅលើសោកនាដកម្មដែលគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើង វាក៏បានធ្វើឲ្យខាតបង់
យ៉ាងធ្ងន់ធ្ងរដល់ សេដ្ឋកិច្ច របស់ជនរងគ្រោះ និងគ្រួសារ ព្រមទាំងសង្គមជាតិទំាងមូលផង
ដែរ។ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប និង មធ្យម ការខាតបង់សេដ្ឋកិច្ចដែលបណ្តាល
មកពីគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់៦៥ពាន់លានដុល្លាក្នុងមួយឆ្នាំ។

រៀងរាល់ឆ្នាំជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណ១លាននាក់ ត្រូវសំរាកព្យាបាល
ជាច្រើនសប្តាហ៍ នៅក្នុងមន្ទីរពេទ្យ ហើយជនរងគ្រោះមួយចំនួនបានបាត់បង់ជីវិត ហើយជន
រងគ្រោះមួយចំនួនទៀតមិនអាចទៅធ្វើការងារវិញបាន ឫក៏លេងកំសាន្តដូចដែលពួកគេធ្លាប់
បានធ្វើ។ ការពិសារគ្រឿងស្រវឹង គឺជាកត្តាគ្រោះថ្នាក់ចំបងមួយដែលបង្កឲ្យមានគ្រោះថ្នាក់
ចរាចរណ៍។ នៅក្នុងប្រទេសមានប្រាក់ចំណូលទាប អ្នកបើកបរយានយន្តដែលបានស្លាប់
ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងពី៣៣% ទៅ៦៩% មានកម្រិតជាតិ   អាល់កុលខ្ពស់នៅ
ក្នុងឈាម។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ
ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានប្រសាសន៍ថានៅក្នុងប្រទេស
កម្ពុជា  តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចំាឆ្នាំ២០១១ បានឲ្យដឹងថាមានជនរងគ្រោះ
សរុបដល់ទៅចំនួន ១៦,៦៥៤នាក់ ដែលក្នុងនោះបាត់បង់ជីវិតចំនួន ១,៩០៥នាក់ និង របួស
ធ្ងន់ចំនួន ៥,៨០៧នាក់ គិតជាមធ្យមចំនួនអ្នកស្លាប់ច្រើនជាង៥នាក់ និងរបួសធ្ងន់១៦នាក់
ក្នុងមួយថ្ងៃ ហើយការរងរបួស និង ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺបានបន្តកើនឡើងពី
មួយឆ្នាំទៅមួយឆ្នាំមិនឈប់ឈរ។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១១ បានធ្វើឲ្យកម្ពុជា
ខាតបង់ថវិការហូតដល់ទៅ ៣១០លានដុល្លាសហរដ្ឋអាមេរិក។

ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង គឺជាកត្តាគ្រោះថ្នាក់ចំបងទីពីរបន្ទាប់ពីការបើកបរហួស
ល្បឿនកំណត់​ ដែល បង្កឲ្យមានការស្លាប់រហូតដល់១៤%។ ប្រមាណ ៦៦%នៃអ្នកស្លាប់ដោយ
ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹងមានអាយុ ពី១៥-៣៤ឆ្នាំ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការពិសាគ្រឿងស្រវឹង
សូម្បីតែក្នុងកម្រិត តិចតួចក្តី អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់ខ្លួនឯង និងអ្នកប្រើ
ប្រាស់ផ្លូវផ្សេងទៀត ។ អ្នកស្រវឹង អាចបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ឬក៏ធ្វើឲ្យពួកគេមានគ្រោះ
ថ្នាក់ចរាចរណ៍ ឬបង្កអំពើហឹង្សាដល់គ្រួសារ ញាត្តិសន្តាន មិត្តភ័ក្រ្ត ឬអ្នកធ្វើការជាមួយគ្នា។

ដើម្បីចូលរួមអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់​ខ្ពស់​របស់​ សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន
នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមការអនុវត្ត​សកម្មភាពសុវត្ថិភាពចរាចរណ៍
ជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួង​ព័ត៌មាន សូមជូនដំណឹង
ដល់គ្រប់ប្រព័ន្ធផ្សព្វ​ផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ព្រមទំាងការផ្សាយពាណិជ្ជកម្មតាមទូរ
ទស្សន៍ពាក់ព័ន្ធគ្រឿងស្រវឹង ត្រូវអនុវត្តនូវ​សារ​សុវត្ថិ​ភាពចរាចរណ៍ ដែលមាន​ដូចខាងក្រោម ៖

១-រាល់ការផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ តាមទូរទស្សន៍ ត្រូវឲ្យមានផ្សាយជា​អក្សរ និង​
សម្លេង ឲ្យមានរយៈពេលយ៉ាងតិចបំផុត ០២(ពីរ) វិនាទី ។ អក្សរ និងសម្លេង គឺនៅពេល​​ចុង
បញ្ចប់នៃការផ្សាយពាណិជ្ជកម្មស្រា ស្រាបៀរ ត្រូវមានបញ្ចាំង​អក្សរ និងបន្លឺសម្លេង​ព្រមៗ​គ្នា៖
“បើពិសាគ្រឿងស្រវឹង កុំបើកបរ ”

២-ហាមការផ្សព្វផ្សាយបែបអូសទាញលើកទឹកចិត្តយុវជនវ័យជំទង់ និងមនុស្ស​ពេញ​វ័យ​ ​​ឲ្យ
ពិសា​គ្រឿង​ស្រវឹង តាមរយៈការផ្តល់រង្វាន់ជាសាច់ប្រាក់ ឬជាវត្ថុប្រើប្រាស់ផ្សេងៗជាដើម ។

គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក១០ប្រទេសនេះ ត្រូវបានឧបត្ថម្ភថវិកាដោយ​ មូលនិធិ
ប្ល៊ូមប៊ឺគភីលែនត្រូភី (Bloomberg Philanthropies) និងក្រោមការផ្តល់ជំនួយបច្ចេកទេសពីអង្គ
ការសុខភាពពិភពលោក ដែលបានចាប់ផ្តើម ឡើងតំាងពីឆ្នាំ២០១០។ គម្រោងនេះ ផ្តោតទៅ
លើកត្តាគ្រោះថ្នាក់ចំបងចំនួនពីរ ដែលបង្កឲ្យមានការកើនឡើងនូវការរំលោភ ច្បាប់ចរាចរណ៍
ផ្លូវគោក និងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរគឺ៖ ការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង និងការ
មិនពាក់មួកសុវត្ថិភាព។ គម្រោងនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយគណៈកម្មាធិ
ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិនានា ជា
ពិសេសអង្គការសុខភាពពិភពលោក អង្គការដៃគូសុវត្ថិភាពចរាចរណ៍សាកល មហាវិទ្យាល័យ
ចនហបគីន និងដៃគូសុវត្ថិភាពចរាចរណ៍ដទៃទៀត។

ប្ល៊ូមប៊ីគភីលែនត្រូភី ធ្វើការលើកស្ទួយវិស័យចំនួន ប្រាំនៅលើសកលលោកគឺ៖ វិស័យសិល្បៈ
វិស័យអប់រំ វិស័យបរិស្ថាន ផ្នែកគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល និងវិស័យសុខភាពសាធារ
ណៈ។

ដើម្បីយល់ដឹងបន្ថែមសូមអានគេហទំព័រ​ http://bloombergdotorg.tumblr.com/about/ .

ចំពោះព័ត៌មានបន្ថែមសូមទាក់ទង៖

- លោកស្រី ម៉ែន ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ
និងដឹកជញ្ជូន ​nrsc@roadsafetycambodia.info  - លោក ស្ទីវិន អ៊ីឌីង ប្រធានក្រុមការ
ងារសុវត្ថិភាពចរាចរណ៍ និង​បង្ការរបួស IddingsS@wpro.who.int - លោកវេជ្ជបណ្ឌិត សៅ
សុវណ្ណរតនៈ មន្រ្តីបច្ចេកទេសសុវត្ថិភាពចរាចរណ៍ និងបង្ការរបួស saos@wpro.who.int  ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ nrsc


Tags: police cambodia khmer traffic conference