CamNews

Azerbaijan សាងសង់អគារខ្ពស់បំផុតក្នុងពិភពលោក

អ្នកជំនួញជនជាតិ Azerbaijan ម្នាក់ ទើបប្រកាសអំពីគម្រោងសាងសង់អគារមួយដែលមាន
កំពស់ ១.០៥០ម៉ែត្រ នៅលើកោះសិប្បនិមិត្តមួយក្នុងសមុទ្រ Caspian ។

Haji Ibrahim Nehramli អគ្គនាយកក្រុមហ៊ុន Avesta Group បានបង្ហើបអោយដឹងថា អគារ
នេះនឹងមាន ១៨៩ជាន់ និងកំពស់ ១.០៥០ម៉ែត្រ។ ដូច្នេះ ស្ថាបត្យកម្ម Azerbaijan Tower
នេះនឹងខ្ពស់ជាង ២០០ម៉ែត្របើធៀបទៅនឹងអគារ Burj Khalifa នៅ Dubai ដែលខ្ពស់បំផុត
ក្នុងពិភពលោកនាពេលបច្ចុប្បន្ន និងខ្ពស់ជាង ៥០ម៉ែត្រធៀបនឹង Kingdom Tower ដែល
នឹងត្រូវបានសាងសង់ឡើងនៅ Jeddah ប្រទេស Saudi Arabia ។

ដំបូងឡើយ Avesta Group មានគម្រោងសាងសង់អគារកំពស់ ៥៦០ម៉ែត្រ ប៉ុន្ដែក្រោយមក
ពួកគេបានសម្រេចចិត្ដប្ដូរគម្រោង ហើយបច្ចុប្បន្ន កំពុងធ្វើការចចារជាមួយក្រុមហ៊ុនដែល
បានសាងសង់ Burj Khalifa ។

The Khazar Islands គឺជាប្រជុំកោះសិប្បនិមិត្ដ រួមមាន ៤១កោះតូចដែលស្ថិតនៅក្នុងទំហំដី
២.០០០ ហិកតា នឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សមុទ្រ Caspian ភាគខាងលិចរដ្ឋធានី
Baku នៃប្រទេស Azerbaijan ។ Avesta Group បានអោយដឹងថា ដំណក់កាលដំបូងនៃគម្រោង
នេះនឹងរួមមានទាំងការសាងសង់តំបន់ប្រជុំជន ភោជនីយដ្ឋានធំៗ ហេត្ថារចនាសម្ព័ន្ធសង្គម
ព្រមទាំងផ្លូវប្រណាំងមួយខ្សែផងដែរ ដែលគម្រោងនេះនឹងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ
២០១៦។ Azerbaijan Tower នឹងក្លាយជាមជ្ឈមណ្ឌលនៃតំបន់ក្រុងដែលមានតម្លៃ ១០០ពាន់
លានដុល្លារអាមេរិកនេះ។ ប្រាក់ចំណាយសម្រាប់ការសាងសង់អគារនេះក៏ឡើងរហូតដល់
២ ពាន់លានដុល្លារ។


រូបរាងខាងក្រោយនៃអគារ Azerbaijan Tower


ពីកំពូលអគារ អ្នកអាចមើលបានគ្រប់ទិសទី







អគារ Azerbaijan នឹងត្រូវបានចាប់ផ្ដើមសាងសង់ដំណាក់កាលទីពីរ នៅឆ្នាំ ២០១៦ និង
បញ្ចប់នៅឆ្នាំ ២០១៨ ឬ២០១៩៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ News.az