CamNews

អ៊ឹម វ៉ាន់ឌី អ្នកនិពន្ធមុខស្ងួត ពូកែស្រមៃ

ការពិពន្ធប្រលោមលោក គឺជាសិល្បៈមួយដែលមនុស្សភាគច្រើនចូលចិត្ត ជាពិសេស អ្នក
ដែលមានមនោសញ្ចេតនារអណ្ដែតអណ្ដូង និងជាអ្នកចេះស្រមៃច្រើន ប៉ុន្ដែវាមិនមែនជា
ការងារងាយស្រួលដែលអាចអោយអ្នកសម្រេចបាននោះដែរ។ ទាក់ទិនទៅនឹងការនិពន្ធ
នេះ យើងសូមនាំមិត្តអ្នកអានមកជួបអ្នកនិពន្ធមួយរូបដែលមានការស្រមៃខ្ពស់ និងពូកែ
ច្នៃប្រឌិត។

លោក អ៊ឹម វ៉ាន់ឌី អ្នកនិពន្ធមុខស្ងួត ពួកែស្រមៃ


ជជែកលេងក្នុងការជួបជុំមួយ អ្នកនិពន្ធ អ៊ឹមវ៉ាន់ឌី មានអាយុ ២៨ឆ្នាំ បានថ្លែងថា ការនិពន្ធ
គឺជាសិល្បៈមួយដែលអាចអោយមនុស្សបញ្ចេញគំនិត ក្ដីស្រមៃ ឬការច្នៃប្រឌិតយកពីហេតុ
ការណ៍ពិតជាដើម ដើម្បីបង្កើតបានជាសាច់រឿងមួយសម្រាប់ជាអនុស្សាវរីយ៍ ការកំសាន្ដ
អារម្មណ៍ អប់រំ ឬគ្រាន់តែដើម្បីល្បីឈ្មោះ។

លោក វ៉ាន់ឌី បានបន្ថែមថា ៖ "បច្ចុប្បន្ន ខ្ញុំសង្កេតឃើញថា យុវវ័យកម្ពុជាហាក់ដូចជាមិន
ចូលចិត្តអានសៀវភៅប៉ុណ្ណានោះទេ ភាគច្រើនពួកគេចូលចិត្តចេញទៅក្រៅ លេងហ្វេសប៊ុក
ឬមិនយកចិត្តទុកដាក់ចំពោះការសិក្សា ដែលជាកត្ដាអាចធ្វើអោយពួកគេភ្លើតភ្លើន ឬមិន
យល់ពីតម្លៃនៃវប្បធម៌ និងអក្សរសិល្ប៍ខ្មែរ"។

រូបភាពក្របមុខនៃប្រលោមលោក រឿង "រក្សាបេះដូងសម្រាប់តែអូន"
ជាស្នាដៃជោគជ័យរបស់លោក វ៉ាន់ឌី


គួរបញ្ជាក់ថា លោក អ៊ឹម វ៉ានឌី ជាមនុស្សម្នាក់មិនចេះនិយាយច្រើន លោកកើតនៅក្នុងគ្រួ
សារដែលមានជីវភាពមធ្យមមួយ នៅភ្នំពេញ។ លោក វ៉ាន់ឌីបានចាប់ផ្ដើមចូលចិត្តនិពន្ធតាំង
តែកាលពីលោកនៅរៀនថ្នាក់ទី ២ ក្រោយមក ដោយសារមានស្នាដៃល្អក្នុងការពិពន្ធ លោក
ក៏ត្រូវបានជ្រើសរើសអោយនិពន្ធរឿងអប់រំមួយ ស្ដីពីការបរបាញ់សត្វព្រៃនៅភ្នំតាម៉ៅ។ ក្នុង
ពេលសិក្សាថ្នាក់ទី ១១ នៃវិទ្យាល័យទួលទំពូង លោក វ៉ាន់ឌី ក៏ត្រូវបានអង្គការអប់រំផ្នែកជម្ងឺ
អេដស៍មួយ ស្នើអោយនិពន្ធបទចម្រៀងមួយបទស្ដីពីការអប់រំជម្ងឺអេដស៍ មានចំណងជើង
ថា "កំហុសខ្ញុំ" ក្រោយមកបទចម្រៀងនេះក៏ត្រូវបានមនុស្សមួយចំនួនធំចាប់អារម្មណ៍។ មក
ទល់នឹងឆ្នាំ ២០០៩ លោកក៏បានចូលបម្រើការជាអ្នកនិពន្ធ និងជាអ្នកយកព័ត៌មានប្រចាំ
ទស្សនាវដ្ដីអាថ៌កំបាំង ដោយក្នុងអំឡុងពេលនោះ លោកបានពិពន្ធរឿងខ្លីរាប់មិនអស់ ដែល
កាលណោះមានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តយុវវ័យ មានដូចជា រឿង "បងធម៌"
"អាវុធមុខពីរ" "មិត្តប្រុស" ឬរឿង "សង្សារកូន ប្អូនធម៌ប៉ា" ជាដើម។ លោក អ៊ឹម វ៉ាន់ឌី បាន
បញ្ចប់បរិញ្ញាប័ត្រនៅ ifl បច្ចុប្បន្នលោកជាគ្រូបង្រៀនផ្នែកភាសានៅសាកលវិទ្យាល័យមួយ
នៅរាជធានីភ្នំពេញ។

"អ្នកខុស" អាចជាស្នាដៃបន្ទាប់របស់អ្នកនិពន្ធ វ៉ាន់ឌី

ស្នាដៃថ្មីៗបំផុតផ្នែកប្រលោមលោកខ្លីរបស់លោក វ៉ាន់ឌី គឺរឿង "ស្នេហាស្មោះ" ដែលកំពុង
ត្រូវបានគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនពីមិត្តយុវវ័យ។ នៅពេលត្រូវបានសួរអំពីមូល
ហេតុដែលនាំអោយលោកនិពន្ធរឿងនេះ លោក វ៉ាន់ឌី ប្រាប់ថា ជារឿងឈឺចាប់មួយដែល
ស្នេហាមានការបែកបាក់ដោយប្រការផ្សេងៗ ជាពិសេសគឺការខ្វះចិត្តតស៊ូ និងការព្យាយាម
ដូច្នេះ នៅក្នុងសាច់រឿងនេះ លោកបានអនុញ្ញាតអោយតួអង្គឯកមួយគូបានជួបជុំគ្នា បន្ទាប់
ពីពួកគេបានព្យាយាមពុះពាររាល់ឧបសគ្គ។ លោក វ៉ាន់ឌី ថ្លែងថា បន្ទាប់ពីស្នាដៃខាងលើ
នេះ លោកនឹងបញ្ចេញស្នាដៃនិពន្ធផ្នែកប្រលោមលោកមួយរឿងទៀត ដែលលោកគិតថា ល្អ
ជាងស្នាដៃមុន ព្រមទាំងមានកង្កប់ការអប់រំច្រើនជាងមុន។

មិនត្រឹមតែចូលចិត្តសរសេរនោះទេ អ្នកនិពន្ធរូបនេះក៏ចូលចិត្តអានផងដែរ


នៅពេលយើងរំឮកដល់រឿងអនាគត អ្នកនិពន្ធពូកែស្រមៃរូបនេះបានអោយដឹងថា ការនិពន្ធ
គឺមិនអាចខ្វះបានសម្រាប់ជីវិតរបស់លោក ប៉ុន្ដែលោកផ្ដល់អាទិភាពខ្ពស់ទៅលើការងារដែល
លោកកំពុងធ្វើ។ ចំណែកបំណងចុងក្រោយរបស់លោកនាពេលអនាគត គឺបើកហាងមួយ
ដោយខ្លួនឯង។

លោក អ៊ឹម វ៉ាន់ឌី និងមិត្តភ័ក្ដ
ជាចុងក្រោយ លោក អ៊ឹម វ៉ាន់ឌី ក៏បានអំពាវនាវសូមអោយមិត្តយុវវ័យទាំងអស់ កុំបណ្ដោយ
ចិត្តទៅតាមការអូសទាញនៃវប្បធម៌មិនល្អរបស់បរទេស ហើយសូមកាត់បន្ថយការគេចសា
លា និងងាកមកគាំទ្រស្នាដៃនិពន្ធរបស់កូនខ្មែរ នៅពេលពួកគេទំនេរពីការសិក្សា៕

ដោយ ៖ សូរីយ៉ា

Tags: khmernational newswriter