CamNews

កម្មការនីម្នាក់ត្រូវស្លាប់ដោយសារខ្លាចបាត់ប្រាក់រង្វាន់

បើទោះជាមានរបួសធ្ងន់ត្រង់ក្បាល ប៉ុន្ដែនារីជនជាតិចិនម្នាក់មិនព្រមទៅពេទ្យដើម្បីពិនិត្យ
ដោយសារខ្លាចបាត់បង់ប្រាក់រង្វាន់ឧស្សាហ៍ព្យាយាមដែលមានតម្លៃ ៩៥ដុល្លារ ក្រោយមក
នាងក៏បានបាត់បង់ជីវិតព្រោះតែកកឈាមក្នុងខួរក្បាល។

យោងតាមទំព័រ Nanfan Daily នារីម្នាក់ឈ្មោះ Du Juan(២៣ឆ្នាំ) ជាកម្មការីផ្នែកដំឡើងម្នាក់
បានត្រូវរងរបួសក្បាលដោយសារប៉ះទង្គិចនឹងបង្អួចបន្ទប់ទឹកនៅក្នុងក្រុមហ៊ុន Belton មាន
ទីតាំងនៅ Shenzhen ខេត្ត Guangdong ប្រទេសចិន។ ប៉ុន្ដែនាងបានបន្ដធ្វើការរយៈពេល
៣ថ្ងៃទៀត ដោយមិនបានទៅពេទ្យ ព្រោះខ្លាចបាត់បង់ប្រាក់រង្វាន់ឧស្សាហ៍ព្យាយាម បើទោះ
ជាមានអារម្មណ៍ឈឺខ្លាំង ហើយត្រចៀកស្ដាប់មិនច្បាស់។ Du Juan ត្រូវបានគេពិនិត្យឃើញ
ថា មានឈាមកកនៅក្នុងខួរក្បាល និងបានស្លាប់បន្ទាប់ពីត្រូវរបួសបាន ១សប្ដាហ៍។

Hu Li មិត្តរួមការងារម្នាក់របស់ Du Juan បានថ្លែងថា​​ ៖ "បន្ទាប់ពីរងរបួសបាន ២ថ្ងៃ Du Juan
មានអារម្មណ៍ពិបាកទ្រាំ និងចេះតែញីក្បាល។ ត្រចៀករបស់នាងស្ដាប់អ្វីមិនសូវច្បាស់ រហូត
ដល់ស្ដាប់លែងឮអ្វីទាំងអស់"។

បងប្អូនរបស់នារីរងគ្រោះនេះបានថ្លែងអោយដឹងថា Du Juan បានទៅធ្វើជាកម្មការនីបន្ទាប់ពី
នាងបញ្ចប់មធ្យមសិក្សា។ នាងធ្វើការជាមធ្យម ១១ម៉ោងក្នុងមួយថ្ងៃ ដោយទទួលបានប្រាក់
ខែទាប៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: chinachinesejobworker