CamNews

រត់តាមគ្នាមួយខែ មកវិញខាងប្រុសស្លាប់ ខាងស្រី ត្រូវគេចោទប្រកាន់

នារីម្នាក់នៅខេត្ដកំពង់ធំ បានចាកចេញពីផ្ទះដោយស្ងាត់ស្ងៀមដើម្បីទៅជួបសង្សាររបស់
ខ្លួន រួចនាំគ្នាលួចរត់ទៅនៅខេត្តសៀមរាប មួយខែក្រោយមក បុរសជាសង្សារក៏បានស្លាប់
ចំណែកនារីជាសង្សារ ក៏កំពុងត្រូវបានគ្រួសារខាងប្រុសចោទប្រកាន់ថាជាឃាតករ។

នាងឈុនអេងកាលពីនៅក្រមុំ

កាលពីថ្ងៃអាទិត្យនៃដើមខែកុម្ភៈ មានករណីបាត់ខ្លួនមួយបានកើតឡើង។ ប្រភពព័ត៌មានពី
អ្នកជិតស្និទ្ធរបស់គ្រួសារខាងស្រីបានអោយដឹងថា បុរសម្នាក់ដែលមានប្រពន្ធ និងមានកូន
ដល់ទៅបីនាក់ បានទាក់ទងជាមួយកូនក្រមុំនៃគ្រួសារមួយ នៅភូមិឈូករស់ ឃុំឈូក ស្រុក
ប្រាសាទសម្បូរ ខេត្តកំពង់ធំ និងបាននាំគ្នារត់ចេញពីស្រុកដោយស្ងាត់ៗ ទៅរស់នៅឯខេត្ត
សៀមរាប។

លោកយាយញ៉ឹប ជាអ្នកជិតស្និទ្ធជាមួយគ្រួសារនារីនោះ បានប្រាប់អោយដឹងថា គាត់ និង
នារីម្នាក់ឈ្មោះ ឈុនអេង មានបំណងមកភ្នំពេញក្នុងថ្ងៃច័ន្ទ ប៉ុន្ដែបន្ទាប់ពីបានទទួលទូរស័ព្ទ
ពីបុរសម្នាក់ នារីនោះក៏សម្រេចចិត្ដចេញដំណើរក្នុងថ្ងៃអាទិត្យ។ ពីរថ្ងៃក្រោយមក ទើបគេ
បានដឹងថា នារីនោះបានបាត់ខ្លួនមិនដឹងទៅទីណា។ ពេលនោះមានការសង្ស័យជាច្រើនបាន
កើតឡើយ ដោយភាគច្រើនក្រុមគ្រួសារយល់ថា នារីនេះប្រាកដជាទៅជាមួយសង្សាររបស់
នាងដែលពួកគាត់បានស្គាល់ ដូច្នេះក៏នាំគ្នាទៅរកមើល។ ពេលទៅដល់ ទើបដឹងថា នាងមិន
បានទៅទីនោះទេ។ ក្រុមគ្រួសារក៏បានទៅកាន់ភូមិមួយ ដោយបានទទួលដំណឹងថា នៅទី
នោះមានបុរសកូនបីម្នាក់បានបោះបង់ប្រពន្ធកូន រត់តាមកូនក្រមុំគេម្នាក់ ពួកគាត់សន្និដ្ឋានថា
នាង ឈុនអេង ប្រាកដជាទៅជាមួយបុរសនោះ ប៉ុន្ដែយ៉ាងណាក៏ដោយ ពុកម្ដាយរបស់នារី
នេះ នៅតែតាមរកនាង។

មធ្យោបាយសំខាន់មួយនៃអ្នកមានជំនឿផ្នែកអរូបិយត្រូវបានប្រើប្រាស់ នោះគឺការរកហោរ
ទស្សន៍ទាយ។ ម្ដាយរបស់ ឈុនអេង គឺអ្នកស្រី ជាសេង តែងទូរស័ព្ទមកអ្នកជិតស្និទ្ធនៅ
ភ្នំពេញ ដោយគាត់ប្រាប់ថា ហោរមួយចំនួននិយាយថា នាង ឈុនអេង បានស្លាប់ទៅហើយ
រីឯហោរមួយចំនួនទៀត បន្ទាប់ពីការគន់គូរក៏បានប្រាក់ថា នារីនេះមិនទៅណាឆ្ងាយនោះទេ
បួនថ្ងៃទៀតនឹងទទួលបានដំណឹង។ ប្រមាណជា ៥ថ្ងៃក្រោយមក នាង ឈុនអេង ក៏បាន
ទូរស័ព្ទមក ដោយប្រាប់ថា នាងមានសេចក្ដីសុខ និងកំពុងរស់នៅជាមួយបុរសម្នាក់ ប៉ុន្ដែមិន
បានប្រាប់ពីទីកន្លែងដែលនាងកំពុងរស់នៅនោះទេ។ ចាប់ពីពេលនោះមក នាងបានបិទទូរ
ស័ព្ទ តែយ៉ាងនេះក្ដី ពុកម្ដាយក៏នៅតែព្យាយាមស្វែងរកកូនស្រីសំណប់របស់ខ្លួន។

ពីរសប្ដាហ៍ បីសប្ដាហ៍កន្លងទៅ នៅតែមិនអាចរកឃើញកូនស្រីរបស់ខ្លួន ពួកគាត់ចាប់ផ្ដើម
អស់សង្ឃឹម ដោយចេះតែព្រួយបារម្ភថា កូនស្រីរបស់ខ្លួនអាចចាញ់បោកគេ និងត្រូវបានគេ
យកទៅលក់។ ប៉ុន្ដែ កាលពីថ្ងៃទី ៩ ខែមិនាកន្លងទៅស្រាប់តែពួកគេវិលត្រឡប់មកវិញ។
នាង ឈុនអេង បាននាំបុរសជាសង្សារនោះមកជាមួយ តែគួរអោយអាណិត បុរសនោះបាន
ស្លាប់ទៅហើយ។

បន្ទាប់ពីត្រូវបានសួរនាំនាង ឈុនអេង បានប្រាប់ថា ខ្លួន និងបុរសនោះបាននាំគ្នារត់ទៅនៅ
ឯខេត្តសៀមរាប នៅទីនោះ បុរសជាសង្សារនេះប្រកប់មុខរបរធ្វើចំការ ថ្ងៃមួយនៅពេលកាប់
រំលំដើមឈើមួយដើម ដោយមិនប្រយ័ត្នក៏ត្រូវដើមឈើរលំសង្កត់ បណ្ដាលអោយបុរសនោះ
រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមនោះអ្នកជិតខាងក៏ជួយនាំមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
សំណាងមិនល្អ និងដោយសាររបួសធ្ងន់ពេក បុរសនោះក៏បានបាត់បង់ជីវិត។

ចំណែកក្រុមគ្រួសារខាងស្រី មានការត្រេកអរព្រោះបានឃើញកូនស្រីរបស់ខ្លួនវិលមកដោយ
សុវត្ថិភាព ប៉ុន្ដែពួកគាត់ក៏កំពុងព្រួយបារម្ភផងដែរ ដោយសារតែកូនស្រីរបស់ពួកគាត់កំពុងត្រូវ
បានគ្រួសារខាងប្រុសចោទប្រកាន់ថាជាឃាតករ ឬអ្នកនៅពីក្រោយខ្នងការស្លាប់របស់បុរសជា
សង្សាររបស់នាង។ ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពី
ការប្ដឹងប្ដល់នេះទេរហូតមកទល់នឹងពេលនេះ ប៉ុន្ដែបច្ចុប្បន្នក្រុមនគរបាលកំពុងធ្វើការស្រាវ
ជ្រាវលើករណីនេះ៕

ដោយ ៖ សូរីយ៉ា

Tags: diediednational news